កម្ពុជានៅតែបើកចំហជើងមេឃវិស័យទេសចរណ៍ទៅកាន់ពិភពលោក គឺមិនមានការបិទការធ្វើដំណើរណាមួយដូចបណ្តាប្រទេសមួយចំនួន ដែលបារម្ភពីការរីករាលនៃជំងឺCovid-19នោះទេ។ នេះជាការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពីវឌ្ឍនភាព និងទិសដីការងារបន្ដរបស់ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។
លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍បានទទួលស្គាល់ថា បច្ចុប្បន្នវិស័យទេសចរណ៍មានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ជាក់ស្តែងក្នុងរយៈពេលដើមខែឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជាបានធ្លាក់ចុះរហូតដល់១៥ភាគរយ ដោយសារបញ្ហាវិបត្តិជាសកលនៃជំងឺផ្លូវដង្ហើមកូវីដ១៩។ លោកបានបញ្ជាក់ថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរគឺមានការធ្លាក់ចុះខ្លាំងនៅខេត្តសៀមរាប និងខេត្តជាប់សមុទ្រដូចជាខេត្តព្រះសីហនុជាដើម។ ដោយឡែកនៅរាជធានីភ្នំពេញឯណោះវិញ ចំនួនភ្ញៀវទេសចរបរទេសគឺមានការធ្លាក់ចុះតិចតូចនោះទេ។
តែទោះបីយ៉ាងណាក៏ដោយ លោក ទិត ចន្ថា បានអះអាងថា កម្ពុជាអាចដោះស្រាយ និងឆ្លងកាត់នូវវិបត្តិខាងលើនេះ តាមរយៈនូវការដាក់ចេញនូវយន្តការជាក់លាក់ និងមានសារៈសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យវិស័យទេសចរណ៍របស់កម្ពុជាកាន់តែមានភាពរស់រវើកដោយសារតែកម្ពុជាមិនបានបិទជើងហោះហើរដូចបណ្តាប្រទេសមួយចំនួនដែលគេកំពុងតែអនុវត្តន៍។
លោករដ្ឋលេខាធិការបានបន្តថា កម្ពុជានៅតែបន្តស្វាគមន៍លំហូរភ្ញៀវទេសចរអន្តរជាតិទាំងអស់ដែលចង់មកទស្សនាកម្ពុជា ដោយក្នុងនោះកម្ពុជានឹងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរឲ្យកាន់តែមានភាពងាយស្រួលដោយដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយចំពោះបញ្ហាជំងឺផ្លូវដង្ហើមកូវីដ១៩នេះ។ ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលដែលចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះនេះ ក្រសួងទេសចរណ៍ រួមជាមួយស្ថាប័នពាក់ព័ន្ធ នឹងរួមគ្នាធ្វើយ៉ាងណាឲ្យគោលដៅទេសចរណ៍ទាំងអស់នៅកម្ពុជា មានការទាក់ទាញ និងរស់រវើក។
លោកបានបន្ថែមថា ក្រសួងនឹងធ្វើយ៉ាងណាជំរុញការវិនិយោគនៅក្នុងតំបន់គោលដៅទេសចរណ៍ដែលមានសក្តានុពលបន្ថែមទៀត ជាពិសេស រាជរដ្ឋាភិបាលកម្ពុជានឹងមិនបណ្តែតបណ្តោយឲ្យ វិស័យទេសចរណ៍ ឬអ្នកវិនិយោគលើវិស័យមួយនេះជួបបញ្ហាធ្ងន់ធ្ងរដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិធ្លាក់ដោយសារវិបត្តិជំងឺផ្លូវដង្ហើមកូវីដ១៩នេះទេ។ ជាក់ស្តែងរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជួយសម្រួលការលំបាកដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាបដែលកំពុងប្រឈមនឹងបញ្ហានេះ ដោយរដ្ឋនឹងមិនយកពន្ធចំពោះអាជីវកម្មរបស់ពួកគេក្នុងរយៈពេលមួយកំណត់។
តាមរយៈវិធានការដែលបានដាក់ចេញដើម្បីស្រោចស្រង់ការធ្លាក់ចុះវិស័យទេសចរណ៍ថ្មីៗនេះ ក្រសួងទេសចរណ៍រំពឹងថា វិស័យនេះនៅតែរីកចម្រើន ខណៈចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាប និងក្រុងព្រះសីហនុ ធ្លាក់ចុះយ៉ាងគំហុក។បើតាម លោក ទិត្យ ចន្ថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរធ្លាក់ចុះជារួម១៥% ប៉ុន្តែការរំពឹងទុករយៈពេលពេញមួយឆ្នាំ ភ្ញៀវទេសចរបរទេសអាចថយចុះតែប្រមាណ១០%ប៉ុណ្ណោះ៕
អត្ថបទ៖ រស្មីកម្ពុជា