បើទោះជាចំណងស្នេហាថ្មីរបស់លោកសុខ មេសា ហៅនាយចឺម និងស្រីស្អាតកញ្ញាគៀត បែលឡា ហៅអូនហ្វាហ្វា កាន់តែបើកចំហ ហើយស្អិតល្មូតដូចប្ដីប្រពន្ធក្ដី ប៉ុន្តែពេលនេះ នាយចឺម បានចេញមុខមកប្រកែកចំពោះដំណឹងថា នាយនិងសង្សាររួមរស់ផ្ទះក្រោមដំបូលតែមួយជាមួយគ្នាដូចប្ដីប្រពន្ធ។នាយចឺម ថា លោកនៅផ្ទះលោក ចំណែកអូនហ្វា នៅផ្ទះម្ដាយនាង មិនមែនរស់នៅផ្ទះជាមួយគ្នាដូចគេថានោះទេ។
នាយចឺម អះអាងថា ”អត់ទេ! ខ្ញុំនៅផ្ទះខ្ញុំ អាហ្វា នៅផ្ទះម្ដាយគេតើ។ មាននៅជាមួយគ្នាឯណា ? ខ្ញុំនិងអាហ្វា ស្រលាញ់គ្នាទើបបានជាង២ឆ្នាំ ហើយមិនទាន់ច្បាស់លាស់ជាមួយគ្នា១០០%ទេ ព្រោះប្ដីប្រពន្ធខ្លះនៅតែមានបែកគ្នា ចុះទម្រាំត្រឹមសង្សារមិនដឹងថា ថ្ងៃក្រោយមានរឿងអីកើតឡើងទេ”។
ទោះជានាយចឺម ថា ពេលនេះ នាយនិងអូនហ្វា រស់នៅផ្ទះផ្សេងគ្នាក្ដី ប៉ុន្ដែនៅថ្ងៃឡើងផ្ទះម្ដាយនាយចឺម នៅខេត្តកំពង់ស្ពឺ នោះ អូនហ្វា បានដើរតួនាទីដូចប្រពន្ធនាយចឺម អីចឹង ព្រោះឈរចាំទទួលភ្ញៀវហើយ នាងចេញចូលផ្ទះម្ដាយនាយចឺម ដូចជាគ្រួសារតែមួយផងដែរ។
នាយចឺម បន្ថែមថា ”ម្ដាយខ្ញុំ គាត់មិនថាអីទេ ស្រេចតែលើក្មេងៗ។ រឿងខ្ញុំយកគូស្រករអី ម្ដាយខ្ញុំប្រគល់សិទ្ធិឲ្យខ្ញុំជ្រើសដោយខ្លួនឯង គាត់មិនបង្ខំកូនទេ”។
នាយចឺម ដែលពូកែថ្វីមាត់ក្នុងការអន្ទងបេះដូងក្រមុំៗឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍នោះ បានភ្លាត់ស្នៀតរបូតសង្សារអស់ម្ដង ដល់ទៅ២នាក់នោះ គឺស្រីស្អាតពុធ ស្រីខួច និងកញ្ញាអៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលពេលនេះស្រីស្រស់ទាំង២ដួង សុទ្ធតែមានគូស្នេហ៍ថ្មីរៀងៗខ្លួនអស់ទៅហើយ ទើបធ្វើឲ្យអ្នកចម្រៀងសាន់ដេរូបនេះ រត់មកភ្ជាប់ស្នេហ៍ជាមួយសង្សារទី៣ អូនហ្វាហ្វា ដែលចំណងស្នេហ៍នេះបើកចំហ។
ប៉ុន្ដែនាយចឺម ថា មិនទាន់អាចកំណត់ថា ពេលណារៀបការឲ្យបានច្បាស់លាស់នោះទេ ព្រោះពេលនេះ នាយបានចាយលុយធ្វើផ្ទះវីឡាឲ្យម្ដាយតាមគម្រោងអស់ហើយ មិនទាន់គិតរឿងផ្ទាល់ខ្លួនទេ។
នាយចឺម អះអាងទៀតថា ”ឆ្នាំហ្នឹង ខ្ញុំអាយុ២៤ឆ្នាំហើយ។ ខ្ញុំនឹងរៀបការមុនអាយុ៣០ឆ្នាំ អាចថា៥ឆ្នាំទៀតចុះ។ ឥឡូវខ្ញុំបានធ្វើផ្ទះឲ្យម្ដាយខ្ញុំហើយ អីចឹងខ្ញុំត្រូវប្រឹងរកលុយទុកសម្រាប់ព្យាបាលជំងឺពេលដែលគាត់ចាស់ទៅ គឺជៀសមិនផុតពីឈឺទេ”។
ថ្វីត្បិតតែនាយចឺម ពូកែអន្ទងបេះដូងក្រមុំៗឲ្យធ្លាក់ក្នុងអន្លង់បេះដូងនាយក្ដី ប៉ុន្ដែតារាចម្រៀងសាន់ដេរូបនេះ បានញ៉ែស្រីខុសបច្ចេកទេស នាំឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ព្រោះឆាតទៅសាសងនាងស.រ ន ហៅស្រីលាភ ត្រូវបានសង្សារអ្នកលក់ឡេរូបនេះ កីឡាការបាល់ទាត់ ង៉ែត លីទី វាយនាយចឺម បែកក្បាលដេអស់៥ថ្នែរ។
ប៉ុន្ដែពលនេះ នាយចឺម ហាក់បង្ហាញសុខភាពរឹងមាំឡើងវិញហើយ និងចេញច្រៀងតាមបណ្ដាខេត្តជាធម្មតា មិនសូវបារម្ភពីសុវត្ថិភាពដូចមុនទៀតឡើយ។នាយចឺម បន្ថែមទៀតថា ”របួសខ្ញុំហ្នឹងជាហើយ។ ឥឡូវខ្ញុំមិនលេបថ្នាំទៀតទេ។ ខ្ញុំចេញច្រៀងតាមខេត្ត-ក្រុងសឹងរាល់ថ្ងៃហ្នឹង គ្មានពេលទំនេរទេ ហើយឆ្នាំហ្នឹងរវល់ច្រើនជាងឆ្នាំមុនៗផង”៕
អត្ថបទ៖ នគរធំ