នារសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ដែលពិធីនេះធ្វើឡើងនៅ សណ្ឋាគារសុខា ភ្នំពេញ ។
នៅក្នុងឪកាសនេះផងដែរ សម្ដេច ហ៊ុន សែន បានចេញបញ្ជាឲ្យគ្រប់ក្រសួងនិងគ្រប់ស្ថាប័នរដ្ឋ កាត់បន្ថយការចំណាយឲ្យបានរហូតទៅដល់៥០ភាគរយ នៅតាមក្រសួងនិងគ្រប់ស្ថាប័ននីមួយៗ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាលដាលនៃវីរុសកូវីដ-១៩។
សម្ដេច បានបញ្ជាក់ទៀតថា លើកលែងតែស្ថាប័នបីប៉ុណ្ណោះ គឺក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និង ទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវកាត់បន្ថយចំណាយត្រឹម២៥ភាគរយ។ ដើម្បីកាត់បន្ថយការចំណាយ ប្រមុខរដ្ឋាភិបាល បានណែនាំឲ្យគ្រប់ស្ថាប័ន កាត់បន្ថយការទៅបរទេស បើមិនសូវចាំបាច់ ហើយចាំបាច់ថា ត្រូវតែទៅ គឺត្រូវកាត់បន្ថយចំនួនមនុស្ស ឧទាហរណ៍ថា បើត្រូវទៅបរទេស៥នាក់ ត្រូវកាត់បន្ថយឲ្យទៅតែ២ឬ៣នាក់បានហើយ។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការងារអាទិភាពសំខាន់ចម្បងបំផុតរបស់កម្ពុជានាពេលនេះ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) ៕
អត្ថបទ៖ kbn