នាថ្ងៃទី០៤ ខែមីនា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ 7NG នៅភូមិវិហារសួគិ៍ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាង៨០០នាក់ បានធ្វើការតវ៉ាក្រោយពីរោងចក្រសម្រេចមិនបញ្ចប់កិច្ចសន្យារការងារតាមការព្រមព្រៀង ប៉ុន្តែ បែរជាព្យួរការងាររបស់ពួកគេរយៈពេល២ខែទៅវិញ។
យោងតាមប្រភពព័ត៌មានរបស់ក្រុមកម្មករបានអះអាងថា កាលពីសប្តាហ៍មុន ភាគីកម្មកររោងចក្រ 7NG បានព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ និងឯកភាពជាមួយក្រុមហ៊ុន ដោយព្រមទទួលអត្ថប្រយោជន៍ប្រាំចំនុច ដែលក្នុងនោះរួមមាន ទី១ ទទួលប្រាក់ខែចុងក្រោយ ទី២ ទទួលប្រាក់បំណាច់ឆ្នាំដែលនៅសល់ ទី៣ ប្រាក់អតីតភាពការងារ ទី៤ ទទួលប្រាក់ជូនដំណឹង និងទី៥ សំណងជម្ងឺចិត្ត។
ប៉ុន្តែ នៅថ្ងៃនេះ កម្មករបាននាំគ្នាតវ៉ានៅក្នុងរោងចក្រ ដោយសារតែភាគីក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការឯកភាពនេះ ដោយតម្រូវឱ្យកម្មករព្យួរការងាររយៈពេលពីរខែវិញ។
លោក ម៉ៅ សំអូន ប្រធានសហជីព បានប្រាប់ពីដំណើររឿងរ៉ាវនេះថា ក្រុមហ៊ុនបានប្រមូលសម្លៀកបំពាក់ពីអគារមួយទៅកាន់អគារមួយទៀត ដើម្បីបង្ហាញតំណាងក្រសួងដែលចុះមកត្រួតពិនិត្យ ថាក្រុមហ៊ុនគ្មានសម្លៀកបំពាក់ឱ្យកម្មករកាត់ដេរបន្តទៀតទេ ដែលធ្វើឱ្យកម្មករមិនមានការងារធ្វើបន្ត ត្រូវជ្រើសរើស លក្ខខណ្ឌ១ ក្នុងចំនោម២។ លោកបន្តថា លក្ខខណ្ឌទាំងពីរនោះមានទី១ ត្រូវព្យួរការងារក្នុងរយៈពេល២ខែ និងទី២ បញ្ចប់កិច្ចសន្យាការងារដោយទទួលបានអត្ថប្រយោជន៍ប្រាំចំនុច ៕
អត្ថបទ៖ KBN