នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅអគារ Badin វិមានរដ្ឋាភិបាល នាយរដ្ឋមន្រ្ដី នឹងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ លោកប្រាយុទ្ធ ចាន់អូចា បានបើកការប្រជុំជាមួយគណៈរដ្ឋមន្រ្ដីជាន់ខ្ពស់ ដើម្បីត្រៀមវិធានការជាបន្ទាន់ក្នុងការទទួលពលករថៃ ដែលវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន khaosod។
នៅក្នុងកិច្ចប្រជុំនេះដែរ នាយរដ្ឋមន្រ្ដីថៃ បានមានប្រសាសន៏ ស្នើឲ្យក្រសួងសុខាភិបាលរាយការណ៍ពីស្ថានភាពចុងក្រោយរបស់ពលករជាមុន ហើយបន្ទាប់មកត្រូវពិភាក្សាអំពីវិធានការនានាដើម្បីគាំទ្រដល់ពលករដែលវិលត្រឡប់ចូលក្នុងប្រទេសថៃ។ លោកប្រាយុទ្ធ ចាន់អូចា បានបន្តទៀថា
អ្វីដែលសំខាន់បំផុតនោះគឺត្រូវបង្កើតការជឿទុកចិត្តដល់ប្រជាជន និងសង្គមទាំងមូល ព្រោះមិនថាជាអ្នកណាក៏ដោយ រដ្ឋាភិបាលត្រូវតែមើលថែរក្សា ព្រោះការយកចិត្តទុកដាក់ចំពោះពលករជាជនជាតិថៃ គឺត្រូវធ្វើយ៉ាងណាឲ្យមានការអនុវត្តន៏ល្អដូចការថែរក្សាមនុស្សចំនួន១៣៨នាក់ មកពីទីក្រុងវូហាន ប្រទេសចិនដែរ។
រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងជានាយរដ្ឋមន្រ្ដីរូបនេះ ក៏បានប្រាប់សារព័ត៌មានឲ្យដឹងថា រដ្ឋាភិបាលពិតជាការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះពលរដ្ឋវិលត្រឡប់មកពីប្រទេសកូរ៉េ ពិតជាមានចំនួនច្រើនលើសលប់ តែទោះជាយ៉ាងណារដ្ឋាភិបាលប្ដេជ្ញាចិត្តក្នុងការមើលថែយកចិត្តទុកដាក់ឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។ ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសកូរ៉េ ត្រូវដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃ ថែមទាំងត្រួតពិនិត្យម៉ត់ចត់បំផុតដោយគ្មានការលើកលែង ៕
អត្ថបទ៖ kbn