ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺកូវីដ១៩ (Covid-19) ដែលសន្និសីទនេះនឹងមានការអញ្ជើញចូលរួមពី៖ ១- លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ២- លោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានណ:គ្រូពេទ្យកម្ពុជា ៣- លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា ៤- លោកស្រី សាស្ត្រាចារ្យ រស់ ស៊ីណា ឯកទេស និងប្រធានផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត។ ៥- លោកស្រី Phiomena Raftery មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក (WHO) ។
លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលបាន បញ្ជាក់ពីស្ថានភាពជំងឺកូវីដ១៩នេះ ដែលរហូតមកដល់ពេលនេះ នៅឯប្រទេសចិនគឺករណីថ្មី មានការថមថយហើយនេះ ករណីឆ្លងថ្មីមានត្រឹមតែ១២០ បើប្រៀបធៀបកាលពីពេលផ្ទុកដំបូងគឺមានរាប់ពាន់ករណី។ រហូតមកដល់ពេលនេះ មានប្រទេសចំនួន៧៦ប្រទេស ហើយដែល បានឆ្លងជំងឺ កូវីដ១៩នេះ គិតត្រឹមថ្ងៃទី៤ ខែមីនានេះ ។
ដោយឡែក មកទល់ពេលនេះ ប្រទេសកម្ពុជាបានយកសំណាកទាំងអស់ចំនួន១៤៥ នាក់ មកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយមានតែ១ករណីតែប៉ុណ្ណោះដែលបានកើតជំងឺនេះ ទៅលើជនជាតិចិននៅឯខេត្តព្រះសីហនុ ដែលយើងបានព្យាបាលឲ្យ ជាសះស្បើយ ហើយចំនួន១៤៤ទៀតគឺមិនមានជំងឺនេះនោះទេ។
លោកស្រីបានបញ្ជាក់ថា តាមការស្នើ ក៏ដូចជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពីធីបិទសន្និបាតក្រសួងសុខាភិបាលកាលពីម្សិលមិញ ក្រសួងក៏បានបង្កើនការត្រៀមឆ្លើយតបបន្ថែមទៀតនូវការទ ប់ស្កាត់ ប្រយុទ្ធ ប្រឆាំ ងនឹងជំងឺកូវីដ១៩នេះ។ ក្រសួងក៏បានធ្វើការបដិសេធ ជាបន្តបន្ទាប់ពីប្រភពព័ត៌មាន ក្លែ ងក្លាយមួយចំនួន ដែលបានផ្សព្វផ្សាយទាក់ទងការកើតមានឡើងនូវ ការឆ្លងកូវីដ១៩ ដែលករណីទាំងអស់នោះ មិនមែនជាជំងឺកូវីដ១៩នោះទេ។
ក្នុងសន្និសីទសារព័ត៌មាននេះ សាស្ត្រាចារ្យជំនាញឯកទេសខាងជំងឺសួត នៃមន្ទីរពេទ្យរុស្ស៊ី បានបញ្ជាក់ថា ចំពោះរោគសញ្ញាករណីសង្ស័យថា មានជំងឺនេះនោះ គឺត្រូវបាននកំណត់ជាទូទៅ ដូចជាមានកំដៅលើស៣៨ អង្សា ,ករណីក្អក , ឈឺបំពុងក, ដកដង្ហើមពិបាក, បូកនឹងប្រវត្តិធ្លាប់ទៅកន្លែងដែលស ង្ស័ យថា មានជំងឺកូវីដ១៩ ហើយទាមទារយៈពេល១៤ថ្ងៃ។ បើមានករណីបែបនេះ គឺត្រូវយកសំណាកគាត់មកធ្វើតេស្តនៅវិទ្យាស្ថាន។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីដើរៗដួសស ន្លប់នោះមិនមែនជាករណីជំងឺកូវីដ១៩នោះទេ ។ ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋយកចិត្តទុកដាក់ពីបញ្ហាជំងឺនេះ និងបើមានករណីសង្ស័យនោះ សូមទៅពិគ្រោះ យោបល់ជាមួយគ្រូពេទ្យ កុំអាលសង្ស័យថាមានេជំងឺកូវីដ ១៩ ។ ជាពិសេសត្រូវការពារ និងធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃឲ្យបានញឹកញាប់, ការរស់នៅស្អាត ហូបស្អាតជាដើម។
ទាក់ទងទៅនឹងករណីថ្មីៗនេះ ដែលមានករណីជនជាតិជប៉ុន ដែលបានធ្វើដំណើរពីក្រុងសៀមរាប ទៅកាន់ប្រទេសវៀតណាម ហើយបាន បន្តដំណើរទៅកាន់ប្រទេសជប៉ុន ថាមានជំងឺនេះនោះ ក្រសួងសុខាភិបាលបាន បញ្ជាក់ថា ពេលដែលទទួលបានដំណឹងនេះ ភ្លាមក្រសួងសុខាភិបាលបានធ្វើការនេះបន្ទាន់។ នៅពេលនេះក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កំពុងស្រាវជ្រាវតាមដាន យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកដែលមានទំនាក់ទំនង និងនៅក្បែរបុរសជនជាតិជប៉ុននោះ ដើម្បីធ្វើការត្រួតពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
ចំពោះករណីនេះ រូបគាត់បានឆ្លងកាត់ប្រទេស កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន ដូច្នេះមិនទាន់ដឹងថា គាត់បានឆ្លងជំងឺ Covid-19 នេះនៅប្រទេសណានោះទេ។ បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីដ១៩ ពេលទៅដល់ អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។ បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាប ម៉ោង២០និង៥៧ នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើរ ទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។ហើយពេលនេះកម្ពុជាកំពុងធ្វើការស្រាវជ្រាវ ជាពិសេសតានដាន មនុស្ស៤នាក់ដែលធ្វើការផ្ទាល់ជាមួយ បុរសជាជាតិជប៉ុននោះ។
លោកស្រី Phiomena Raftery មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក (WHO) បានពន្យល់អំពីលក្ខខណ្ឌដែលត្រូវធ្វើតេស្តរកមេរោគ Covid-19 ដោយមិនត្រូវធ្វើតេស្តគ្រប់មនុស្សនោះទេ។ លោកស្រីបានបញ្ជាក់ថា ការធ្វើតេស្តចំពោះ ជនដែលមិនមានរោគសញ្ញា នឹងធ្វើឱ្យមានការខ្ជះខ្ជាយដល់ធនធាន និងពេលវេលា និងបានជំរុញឱ្យក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ធ្វើតេស្តរកកូវីដ១៩ ចំពោះជនមួយចំនួន ដែលមានអាការៈផ្តាសាយ ឬដួលសន្លប់ ដែលត្រូវបានបង្ហោះ តាមបណ្តាញសង្គមជាបន្តបន្ទាប់មកនេះ។
លោកស្រី Phiomena Raftery មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ដើម្បីឱ្យបុគ្គលម្នាក់ទទួលការធ្វើតេស្តរកជំងឺ Covid-19 នេះបានគឺគាត់ត្រូវមានលក្ខខណ្ឌ ស្របតាមនិយមន័យផ្ទុក Covid ដែលគាត់ត្រូវតែមានរោគសញ្ញា ផ្លូវដង្ហើមសម្រាប់ជំងឺ Covid-19 នេះ។ បុគ្គលនេះត្រូវតែមាន ប្រវត្តិប៉ះពាល់ជាមួយនឹង ករណីវិជ្ជមានជាមួយជំងឺ Covid-19 ឬមានប្រវត្តិធ្វើដំណើរទៅក្នុងតំបន់ ឬប្រទេសដែល កំពុងតែមានផ្ទុះជំងឺនេះ។
លោកស្រីបញ្ជាក់ថា ប្រសិនបើបុគ្គលនោះ មិនបានចូលក្នុងនិយមន័យ ករណីសង្ស័យនេះទេ គឺយើងមិនចាំបាច់ចូលធ្វើតេស្ត រកមេរោគ Covid-19 ទេ ព្រោះទី១ ធ្វើឱ្យយើងខ្ជីខ្ជាសម្ភារ ឬធនធានដែលយើងមាន ហើយបើទោះបីយើងធ្វើតេស្តភាគរយធ្វើតេស្ត គឺអវិជ្ជមានខ្ពស់មែនទែន ដូច្នេះគឺយើងមិនចាំបាច់ធ្វើតេស្ត ទៅលើអ្នកដែលមិនជួបករណីសង្ស័យនេះទេ។ អង្គការសុខភាព បាននិងកំពុងធ្វើការមួយនឹងក្រសួងសុខាភិបាលកម្ពុជា ដើម្បីពង្រឹងនូវសមត្ថភាព សម្រាប់ចាប់បាននូវ ករណីសង្ស័យ ហើយនឹងធ្វើតេស្តទៅលើករណី សង្ស័យមានផ្ទុកវីរុស កូរ៉ូណា ឬ Covid-19។ ដូច្នេះ ដើម្បីចាប់បាន និងរកឃើញករណីសង្ស័យវីរុស Covid-19 នេះ គឺមានលក្ខខណ្ឌជាក់លាក់ ដែលហៅថា និយមន័យករណី។
រាល់ការធ្វើតេស្ត គឺធ្វើតេស្តទៅតាម ការកំណត់របស់អង្គការសុខភាពពិភពលោក ហើយធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា ដែលជាវិទ្យាស្ថានមួយ ដែលមាន កម្រិតស្តង់ដារអន្តរជាតិ ហើយក៏មានការត្រួតពិនិត្យ គុណភាពនេះ បានហ្មត់ចត់ផងដែរ។ចំណែករដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19 នៅឡើយ ហើយអភិបាលខេត្តបានចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការ។
ថ្មីៗនេះ ការផ្សព្វផ្សាយជុំវិញព័ត៌មានថា ចំពោះជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-19 ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិសៀមរាបឆ្លងកាត់ព្រលានយន្តហោះ ទីក្រុងហូជីមិញប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានគូសបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះគឺគាត់ជាអ្នករស់នៅ និងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប មិនមែនមកដំណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាល។ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្ត និងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថា មុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះ ពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ។
ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថាក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ។ ទន្ទឹមគ្នានេះ លោកអភិបាល ខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាលដាក់ចេញនូវ វិធានការនានាដើម្បីត្រៀមបង្ការ និងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។ដូចនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសូមមេត្តាជ្រាបជាព័ត៌មាន នឹងរង់ចាំការផ្សព្វផ្សាយជាផ្លូវការ អំពីករណីនេះខាងភាគីជប៉ុន ក៏ដូចជាក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕