ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២០នាព្រឹកថ្ងៃទី៤ ខែមីនា នៅក្នុងសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស បានមានប្រសាសន៍ ដោយរឹតបន្តឹងលើវិន័យរបស់អង្គភាពដល់ ប្រធានការិយាល័យទាំង ៣២ចំណុះឲ្យស្នងការដ្ឋាន និងអធិការនគរបាលបាលទាំង ១០ស្រុកនិងក្រុង ត្រូវបញ្ឈប់ការចុះហត្ថលេខាលើបញ្ជីវត្តមាន ជំនួសមន្ត្រីនគរបាលណាដែលមិនមកធ្វើការ។
ព្រោះការធ្វើបែបនេះពិតជាធ្វើ ឲ្យមន្ត្រីនគរបាលមួយចំនួនបានចាត់ទុក្ខបទបញ្ជាជាការលេងសើច មិនយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលមានតួនាទីជានគរបាលយុត្តិធម៌ ដូច្នេះចាប់ពីពេលនេះតទៅ រាល់បញ្ជីវត្តមានត្រូវបញ្ជូនចូលមកការិយាល័យបុគ្គលិក ឲ្យទាន់សភាពការណ៍ ដើម្បីការិយាល័យជំនាញ ធ្វើរបាយការណ៍បន្តទៅថ្នាក់លើ ដើម្បីសុំគោលការណ៍អនុវត្តទៅលើវិន័យ ចំពោះមន្ត្រីនគរបាលណា ដែលបានប្រព្រឹត្តខុស ។
លោកស្នងការរងបានបន្តថា ក្នុងដើមឆ្នាំនេះ មានមន្ត្រីនគរបាលចំនួន ២រូបហើយ ដែលបានប្រព្រឹត្តខុសវិន័យរបស់អង្គភាព ហើយត្រូវបានស្នើសុំឲ្យបញ្ចប់ក្របខ័ណ្ឌជាមន្ត្រីនគរបាលតែម្តង ។ ហើយមួយរយៈកាលកន្លងមកនេះ មានករណីយឺតយ៉ាវច្រើនទៅលើបញ្ជីវត្តមាន នៅអធិការដ្ឋានស្រុកត្រាំកក់ និងទីបញ្ជាការវរៈការពារព្រំដែនគោកលេខ ៦០៣ មានការយឺតយ៉ាវក្នុងការបញ្ជូនឯកសារបញ្ជីវត្តមាន ដែលចំណុចនេះ បានធ្វើឲ្យក្លាយជាទម្លាប់ដ៏អាក្រក់ ក្នុងការអនុវត្តការងារ តែអ្នកធ្វើ ហើយអ្នកដែលមិនធ្វើការងារនៅតែមិនធ្វើដដែល ។
ដូច្នេះដើម្បីឲ្យកងកម្លាំងនគរបាលរបស់យើង កាន់តែមានកិត្តិយស កាន់តែមានសេចក្តីថ្លៃថ្នូរនោះ គឺពួកគាត់ត្រូវតែមានវិន័យនៅជាប់នឹងខ្លួន យល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ទើបធ្វើឲ្យអង្គភាពរបស់យើង មានកងកម្លាំងដែលមានវិន័យល្អ និងមានសមត្ថភាព ក្នុងការចុះអនុវត្តការងារនៅតាមមូលដ្ឋាន ជាពិសេសកាន់តែបង្កើននូវសេចក្តីទុកចិត្តពីបងប្អូនប្រជាពលរដ្ឋថែមទៀត ៕
អត្ថបទ៖ CEN