នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នេះលោកជំទាវ ឱ វ៉ាន់ឌីន បានបើកកិច្ចប្រជុំមួយនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបានកោះហៅម្ចាស់មន្ទីរពេទ្យឯកជនមួយ ដែលបានពិនិត្យបុរសជប៉ុនផ្ទុក Covid-19 ចូលរួមដែរ ។
តាមសារព័ត៌មានថ្មីៗឱ្យដឹងថា នៅនឹងមុខរដ្ឋលេខាធិការក្រសួងសុខាភិបាល ម្ចាស់មន្ទីរពេទ្យឯកជននោះ បានប្រាប់ថាបានពិនិត្យ បុរសជប៉ុននោះ ក្តៅខ្លួនលើសពី៣៧អង្សាសេ និងមានអាការៈក្អក ។ ម្ចាស់មន្ទីរពេទ្យនោះបន្តថា ហាក់ដូចជាសង្ស័យដែរថា បុរសជប៉ុននោះ ឆ្លងកូវីដ-១៩ និងបានទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែដោយសារខាងមន្ទីរបង្អែកខេត្តសៀមរាប មិនលើកទូរស័ព្ទ ក៏សម្រេចអនុញ្ញាតឲ្យបុរសជប៉ុននោះ ចាកចេញពីមន្ទីរពេទ្យរបស់ខ្លួន ។
តាមប្រភពដដែលឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ ឱ វ៉ាន់ឌីន បានធ្វើការបន្ទោសទៅកាន់ម្ចាស់មន្ទីរពេទ្យឯកជននោះ ដោយមិនរក្សាទុកបុរសជប៉ុននោះនៅកន្លែងរបស់ខ្លួនសិន និងមិនបានទាក់ទងទៅកាន់ក្រសួងសុខាភិបាល និងព្យាយាមទាក់ទង់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបបែរជាបណ្ដោយឱ្យបុរសជប៉ុននោះចាកចេញពីកន្លែងរបស់ខ្លួន ។ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ម្ចាស់មន្ទីរពេទ្យនោះអាចប្រឈមនឹងផ្លូវច្បាប់ ៕
អត្ថបទ៖ ប្រជាប្រិយ