រហូតដល់ម៉ោង៥ ល្ងាច ថ្ងៃទី ៦ មីនា ២០២០ យើងនៅមិនទាន់រកឃើញករណីថ្មីនៅឡើយទេ យើងនៅតែរក្សា ១ករណីដដែល ដែលគាត់ជាជនជាតិចិន ហើយគាត់បានព្យាបាលជាសះស្បើយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបន្តថា យើងបានធ្វើតេស្តកើនដល់ ៤២៥ ករណី តែមិនបានរកឃើញវិជ្ជមានមេរោគ COVID-19 នោះទេ ។ ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ៤០នាក់ ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពនោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។
យើងនៅតែបន្តធ្វើការងារខាងលើនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
swiftnews