លោក TEA Seiha/ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៧ខែមីនានេះ បានថ្លែងតាមរយៈផេកហ្វេសប៊ុកថា បន្ទាប់ពីបានតាមដានក្នុងបណ្តាញសង្គម FB ចាប់ពីពេលដែលជនជាតិជប៉ុន បានត្រឡប់ទៅប្រទេសដើមរបស់ខ្លួន មានស្ថានវិជ្ជមាន Covid-19 តាំងពីថ្ងៃទី៤ មីនា នៅប្រទេសជប៉ុនមក យើងកត់សម្គាល់ឃើញថា
ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចក្រៅខេត្ត មានការព្រួយបារម្ភយ៉ាងច្រើន តែអ្វីដែលខ្ញុំកត់សម្គាល់លើសពីនេះគឺ ព័ត៌មានតាម FB (គណនីមួយចំនួន) បានយកករណីនេះ ជាឱកាសក្នុងការផ្សព្វផ្សាយនូវ៖ ការលក់ដូរ ផលិតផលរបស់ខ្លួន( ម៉ាស់ ថ្នាំពេទ្យ អាកុលលាងដៃ ។ល។) ដោយឡើងថ្លៃខុសពីការលក់សព្វថ្ងៃ និងមានករណីការឆបោកផងដែរ។លោកបន្តថា “ការបំផុសព័ត៌មាន មិនពិត បំពុល និងសំណួរផ្សេង ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង កាន់តែភ័យខ្លាចពីជំងឺនេះ”។
លោកអភិបាលខេត្ត បានបញ្ជាក់ថា “ខ្ញុំគ្រាន់តែឆ្ងល់ថា អ្នកដែលផុសបំពុលកន្លងមកនេះ៖ ១-អ្នកដែលផុសទាំងនោះគឺមិនមានខ្លួន ឬរស់នៅក្នុងប្រទេសកម្ពុជាឡើយ (នៅអាមេរិក កាណាដា កូរ៉េ។ល។) ២-ហេតុអ្វីបានដឹងពីស្ថានភាពច្បាស់ជាងអ្នករស់នៅក្នុងប្រទេស ឬខេត្តទៅទៀត ៣-ភាគច្រើនអ្នកដែលផុសនោះ ប្រកាន់និន្នាការនយោបាយខុស (ប្រឆាំង) ពីរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានទំនាក់ទំនង ឬគាំទ្រ លោកសម រង្ស៊ី។ តើគោលបំណងអ្វីខ្លះ?
លោកទៀ សីហា បានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារជនទាំងអស់ សូមមេត្តាធ្វើការតាមដាន ពិនិត្យដោយយកចិត្តទុកដាក់ទៅលើព័ត៌មានផ្លូវការ ជាពិសេសរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ជៀសវាងនូវព័ត៌មានមិនពិត មិនច្បាស់លាស់ ឬមាននិន្នាការនយោបាយផ្សេង ដែលបាននិងកំពុងធ្វើឲ្យមានភាពចលាចល នាំមកនូវមហន្តរាយ វិបត្តិសតិអារម្មណ៍ រើសអើង ប៉ះពាល់ដល់ជីវភាព កិត្តិយសបុគ្គល និងខេត្តសៀមរាបទាំងមូល”៕
អត្ថបទ៖ CEN