ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងសុខាភិបាលមានសង្ឃឹមខ្ពស់ថា អាចព្យាបាលបុរសជនជាតិខ្មែរដែលទើបរកឃើញថា មានឆ្លងវីរុសកូវីដ១៩ ឱ្យបានជាសះស្បើយ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវីរុសកូវីដ១៩ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ យ៉ាងដូច្នេះថា « យើងមានបទពិសោធន៍ជាមួយចិន ហើយបុរសដែលឈឺនេះ ក្មេងជាងជនជាតិចិន ជនជាតិចិននៅខេត្តព្រះសីហនុមានវ័យជាង៦០ឆ្នាំ មនុស្សចាស់មានហានិភ័យខ្ពស់ជាងក្មេង! ចឹងគាត់អាយុទើបតែ៣៨ឆ្នាំ ឥលូវគាត់អត់ទាន់រោគសញ្ញាអីទេ យើងព្យាបាលទៅតាមរោគសញ្ញា ហើយបើមានបញ្ហាផ្សេងទៀត យើងនឹងបន្តពិភាក្សាជាមួយក្រុមអ្នកវេជ្ជសាស្រ្ត»។
យោងតាមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) នៃក្រសួងសុខាភិបាល បានឱ្យដឹថារហូតដល់ម៉ោង ៨យប់ ថ្ងៃទី ៧ មីនា ២០២០ កម្ពុជាបានរកឃេីញករណីឆ្លងវីរុសកូវីដ១៩(COVID-19) ថ្មីមួយទៀត ដែលជាជនជាតិខ្មែរ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលជាមនុស្សបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុនមានវិជ្ជមាន COVID-19 ហេីយ៣នាក់ផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ដែរ មិនបានរកឃេីញវិជ្ជមាន COVID-19 ទេ ។
រហូតពេលនេះ បុរសអាយុ៣៨ឆ្នាំ មានសុខភាពល្អ និងមិនមានរោគសញ្ញានោះទេ ។ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ ទៀត និង ៤០នាក់ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពនោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ តែក្រសួងក៏តំរូវយកវត្ថុវិភាគទាំងអស់មកពិនិត្យ ។ ក្រសួងសុខាភិបាលនៅតែបន្តធ្វេីការងារខាងលេីនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC ។
សូមជម្រាបថា គិតចាប់ពីការផ្ទុះនៃវីរុស COVID-19 មកដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងចំនួន ២ករណីហេីយ ដែលករណីទី១ ជាជនជាតិចិន ប៉ុន្តែបានព្យាបាលជាសះស្បេីយនិងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ៕
អត្ថបទ៖ swiftnews