ក្រសួងទេសចរណ៍បានឲ្យដឹងថាពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងនឹងធ្វើតាមការគ្រោងទុក ខណៈដែលកម្មវិធីអង្គរសង្រ្កាន្តត្រូវបានរដ្ឋាភិបាលប្រកាសលុបចោលកាលពីម្សិលមិញបន្ទាប់ពីរកឃើញថាបុរសខ្មែម្នាក់នៅខេត្តសៀមរាបឆ្លងកូវីដ-១៩។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ មានប្រសាសន៍ថា ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង នឹងចាប់ផ្តើមនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ នៅមុនសាលាខេត្ត។ លោករំពឹងថាអ្នកចូលរួមកម្មវិធីដើរកំសាន្តក្នុងឆ្នាំនេះ មិនតិចជាង១លាននោះទេ។
លោកមានប្រសាសន៍ថា៖ «យើងអត់ទាន់ទទួលបានការណែនាំពីរាជរដ្ឋាភិបាលនៅឡើយទេ គឺយើងនៅរក្សាធ្វើ[ប្រារម្ភពិធីបុណ្យទន្លេដដែល តាមការគ្រោងទុក ប៉ុន្តែយើងបានត្រៀមខ្លួនទប់ស្កាត់តាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលជាក្រសួងជំនាញផងដែរ»។
លើសពីនេះទៀត លោក សុភ័ក្រ អះអាងថា ក្រសួងបានរាយការណ៍និងផ្ញើសារអប់រំ ទៅអ្នកទេសចរណ៍ និងអ្នកប្រកបមុខរបរ ទាំងប្រយោល និងផ្ទាល់ ដើម្បីបង្រៀនពួកគេឲ្យត្រៀមខ្លួនទប់ស្កាត់ កុំឲ្យឆ្លងមេរោគកូវីត-១៩ផងដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង បង្ហាញការព្រួយបារម្ភថា បើរដ្ឋាភិបាលអនុញាតឲ្យអាជ្ញាធររៀបចំកម្មវិធីធំៗ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងឆ្លងដល់ពលរដ្ឋ ខណៈជំងឺនេះកម្ពុជាមិនទាន់សិក្សាឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ អាចធ្វើឲ្យប្រជាពលរដ្ឋកាន់តែជួបបញ្ហាប្រឈមនឹងសុខភាពបន្ថែមទៀត។
លោកមានប្រសាសន៍ថា៖ «អាជ្ញាធរគួរតែធ្វើការពិភាក្សាឲ្យបានច្បាស់លាស់ ម៉ត់ចត់មុនយើងឈានទៅរកការសម្រេចចិត្តឲ្យមានកម្មវិធីធំៗ ព្រោះថាការបង្ការគឺជាមធ្យោបាយមួយ ដែលពិភពលោក ឬប្រទេសកម្ពុជាផង គឺត្រូវយកចិត្តទុកដាក់ រិះរកវិធីបង្ការយ៉ាងណាឲ្យមានប្រសិទ្ធិភាព »។
ឆ្នាំនេះជាឆ្នាំទី៦ហើយដែលកម្ពុជារៀបចំពិធីបុណ្យទន្លនេះ។ កាលពីឆ្នាំមុនកម្មវិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ឆ្នាំង៕
អត្ថបទ៖ VOD