ដើម្បីការពារការឆ្លង និងការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានាទូទាំងបណ្ដារាជធានី ខេត្ត បានរៀបចំតបណ្ដាញ ឬកែច្នៃធុងដាក់ទឹកដែលមានក្បាលរ៉ូប៊ីណេ ព្រមទាំងដាក់សាប៊ូ នៅតាមខ្លោងទ្វារសាលារៀន សម្រាប់ឱ្យសិស្សានុសិស្សលាងសម្អាតដៃមុនចូលក្នុងថ្នាក់រៀន។
ក្រៅពីការរៀបចំកន្លែងលាងសម្អាតដៃ គណៈគ្រប់គ្រងនៅតាមសាលារៀនក៏បានធ្វើការអប់រំផ្សព្វផ្សាយព័ត៌មានផ្សេងៗដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សស្ដីពីការថែរក្សាសុខភាព និងអនាម័យ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ។
សូមជម្រាបថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំអំពីការអនុវត្តវិធានការបង្ការជំងឺរលាកសួត Covid-19 និងជំងឺរលាកផ្លូវដង្ហើមដទៃទៀត ដោយយោងតាមវិធានការរបស់ក្រសួងសុខាភិបាល ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីទប់បង្ការ ខណៈដែលជំងឺនេះ មិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការនៅឡើយ៕
អត្ថបទ៖ ក្រសួងអប់រំ