យោងតាមព័ត៌មានចិន People’s Daily បានឱ្យដឹងថាលោក Zhu Heping ជាវេជ្ជបណ្ឌិតមកពីផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យកណ្ដាលអ៊ូហាន បានទទួលមរណភាពដោយសារជំងឺរលាកសួតថ្មី COVID-19 ។ គួររំលឹកថា លោក Zhu គឺជាមិត្តរួមការងាររបស់វេជ្ជបណ្ឌិត Li Wenliangដែលត្រូវបានគេចាត់ទុកថាជាអ្នកលាតត្រដាងនូវព័ត៌មានអំពីការផ្ទុះវីរុសនេះមុនគេ ហើយបានស្លា ប់ដោយសារការឆ្លងមេរោគCovid 19។
លោកវេជ្ជបណ្ឌិត Zhu មានអាយុ ៦៧ឆ្នាំ ជាអ្នកជំនាញដែលត្រូវបានគេអញ្ជើញឱ្យចូលធ្វើការវិញបន្ទាប់ពីគាត់បានចូលនិវត្តន៍។ យោងទៅតាមសារព័ត៌មានបានដកស្រង់សំដីមិត្តរួមការងារនិងអ្នកស្គាល់គ្នាខ្លះថាលោក Zhu ជាមនុស្សឧស្សាហ៍ព្យាយាមនិងមានចិត្តល្អ។ របាយការណ៍បាននិយាយថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅពាក់កណ្ដាលខែកុម្ភៈ បន្ទាប់ពីគាត់បានឆ្លងមេរោគ COVID-19 ហើយគាត់បានស្លា ប់ដោយសារជំងឺនេះនៅព្រឹកថ្ងៃច័ន្ទ។ វេជ្ជបណ្ឌិតពីរនាក់មកពីមន្ទីរពេទ្យកណ្ដាលអ៊ូហាននិងមន្ទីរពេទ្យតុងជីក្នុងខេត្តហ៊ូប៉ីភាគកណ្ដាលប្រទេសចិនបានបញ្ជាក់ពីព័ត៌មាននេះជាមួយកាសែត Global Times។
គួររំលឹកដែរថា លោក Zhu គឺជាវេជ្ជបណ្ឌិតទីបីមកពីផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យកណ្ដាលអ៊ូហាន ដែលបានស្លាប់ដោយសារជំងឺនេះបន្ទាប់ពីលោក Li ដែលបានទទួលមរ ណ ភាពនៅថ្ងៃទី ៧ ខែកុម្ភៈ និងមិត្តរួមការងាររបស់គាត់ឈ្មោះ Mei Zhongming អាយុ ៥៧ ឆ្នាំជាគ្រូពេទ្យភ្នែកផ្សេងទៀត បានស្លា ប់កាលពីថ្ងៃអង្គារដូចគ្នា។ ចំណែ កវេជ្ជបណ្ឌិតម្នាក់ទៀតមកពីផ្នែកវះកាត់ក្រពេញទីរ៉ូអ៊ីតនិងវះកាត់សុដន់ ឈ្មោះ Jiang Xueqing អាយុ ៥៥ ឆ្នាំក៏បានស្លា ប់ដោយសារជំងឺ នេះដែរ កាលពីថ្ងៃទី ១ ខែមីនា។
គួរបញ្ជាក់ថាបុគ្គលិកពេទ្យជាង ៣០០០ នាក់នៅខេត្តហ៊ូប៉ីភាគកណ្ដាលនៃប្រទេសចិន បានឆ្លងជំងឺនេះចាប់តាំងពីការផ្ទុះឡើងដែលក្នុងនោះ ៤០% បានកើតឡើងនៅក្នុងមន្ទីរពេទ្យនិង ៦០% នៅក្នុងសហគមន៍។ នេះបើយោងតាមទិន្នន័យផ្លូវការកាលពីថ្ងៃសុក្រ ៕
អត្ថបទ៖ កម្ពុជាថ្មី