ក្រសួងឧស្សាហកម្មថៃកាលពីចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថារោងចក្រចំនួន ១១ បានយល់ព្រមផលិតម៉ាសក្រណាត់ចំនួន ៣០ លានសម្រាប់ចែកចាយដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
អគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្មលោក Kobchai Sangsitthisawat បានមានប្រសាសន៍ថាក្រុមហ៊ុនចំនួន ១១ បានចាប់អារម្មណ៍លើគម្រោងចែកម៉ាសក្រណាត់ដោយឥតគិតថ្លៃរបស់ក្រសួង ហើយការផលិតនឹងចាប់ផ្តើមតាមក្រោយ។ ក្រសួងឧស្សាហកម្មគ្រោងនឹងចែកម៉ាសក្រណាត់ ៣០ លានដល់ប្រជាជនចំនួន ១០ លាននាក់នៅក្នុងទីក្រុងបាងកក និងទីក្រុងមួយចំនួនទៀតដែលមានប្រជាជនរស់នៅច្រើន។
ក្នុងនោះវិទ្យាស្ថានវាយនភ័ណ្ឌ វិទ្យាស្ថានស្តង់ដាឧស្សាហកម្ម សហព័ន្ធឧស្សាហកម្ម និងសមាគមពាក់ព័ន្ធដទៃទៀតនឹងផ្គត់ផ្គង់នូវក្រណាត់ដែលមានសុវត្ថិភាពនិ ងស្តង់ដារចំនួន ១,៣ លានម៉ែត្រសម្រាប់ផលិតម៉ាសក្រណាត់ដែលអាចបោកសម្អាតបាននេះ។ រោងចក្រដែលចូលរួមនឹងផលិតម៉ាសឲ្យបាន ១០ លានម៉ាសក្នុងខែនេះ។
មន្ត្រីក្រសួងឧស្សាហកម្មរូបនេះបន្តថាខាងក្រសួងក៏បានបញ្ជាឱ្យការិយាល័យខេត្តក្រុងនានាជំរុញការផលិតម៉ាសពេទ្យ ម៉ាសក្រណាត់ ទឹកលាងដៃរួមទាំងសារធាតុសម្លាប់មេរោគនានាដូចជាអាល់កុលដើម្បីឆ្លើយតបតាមតម្រូវការឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា។បច្ចុប្បន្នប្រទេសថៃបានរកឃើញករណីឆ្លងវីរុស COVID-19 ចំនួន ៥០នាក់ ប៉ុន្តែបានព្យាបាលជាសះស្បើយចំនួន ៣១នាក់ហើយ ៕
អត្ថបទ៖ កម្ពុជាថ្មី