តាមរដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តសៀមរាបសូមជំំរាបថាបុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេ្តស ជាលទ្ធផលគឺអវិជ្ជមាន គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ក្រោយពីបុរសខ្មែរ បានឆ្លងកូវីដ១៩ ពីជនជាតិជប៉ុន ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា មិនព្រងើយកន្តើយ ចំពោះករណីនេះទេ នឹងបន្តរកអ្នកផ្សេងទៀត ដែលប៉ះពាល់ បុរសជនជាតិជប៉ុន។ ពាក់ព័ន្ធអ្នកធ្វើដំណើរ ជាមួយបុរសជនជាតិជប៉ុន ពេលត្រឡប់ ទៅប្រទេសជប៉ុននោះ ក៏បានធ្វើតេស្តរុករកផងដែរ
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រុមគ្រូពេទ្យរបស់យើងមានជំនឿក្នុងព្យាបាលបុរសម្នាក់ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ផ្ទុកមេរោគ Covid-19 ឲ្យជាសះស្បើយ ក្រោយពីបទពិសោធន៍ព្យាបាលបុរសជនជាតិចិននាលពេលកន្លងមក
ការថ្លែងបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីប្រកាសអំពីវត្តមានជំងឺកូវីត១៩ នៅលើបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងជំងឺកូរ៉ូណា ហើយចាកចេញពីកម្ពុជា