លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ទឹកថ្លាបានបញ្ជាក់ថាបុរសដែលដួលសន្លប់នៅក្បែផ្ទះអ្នកជិតខាងនោះគឺគាត់មានជំងឺផ្លូវចិត្តមិនមានជំងឺCOVID19នោះទេ។
ការបញ្ជាក់របស់លោកមេប៉ុស្តិ៍ខាងលើនេះគឺក្រោយពីមានករណីបុរសម្នាក់បានធ្វើដំណើរទៅមន្ទីរពេទ្យ ហើយក៍វង្វេងផ្លូវចូលទៅក្នុងបរិវេណផ្ទះអ្នកក្បែរខាងរួចដួលសន្លប់ បង្កអោយមានការភ្ញាក់ផ្អើលដែលក្រុមគ្រួសារអះអាងថា គាត់មានជំងឺផ្លូវចិត្តនឹងមិនមានជំងឺCOVID19អីនោះទេ។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅខាងលិចផ្សារទឹកថ្លា ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាបុរសដែលដួលសន្លប់ខាងលើមានឈ្មោះ ជាម យ៉ុន អាយុ៥០ឆ្នាំ មានលំនៅភូមិកណ្តាល ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង និងស្នាក់នៅជាមួយកូនក្បែរកន្លែងកើតហេតុខាងលើ។សមត្ថកិច្ចបានបន្តអោយដឹងទៀតថា កន្លងមក គាត់មានជំងឺភ្លឹក ហើយតែងតែដួលសន្លប់ ហើយនៅព្រឹកនោះដែរ នគរបាលក៏បានទាក់ទងកូនប្រុសអោយមកទទួលយកត្រឡប់ទៅវិញផងដែរ ។
ក្រោយពីសមត្ថកិច្ចចុះទៅដល់សួពីមូលហេតុបុរសខាងលើបានប្រាប់ថា នៅមុនពេលដួលសន្លប់ គាត់បានធ្វើដំណើរចេញពីផ្ទះទៅគ្លីនិកក្បែរនោះ លុះពេលត្រឡប់មកវិញក៏រង្វេងផ្លូវ ហើយទន់ដៃជើងដួលសន្លប់តែម្តង ។តាមការរៀបរាប់របស់កូនប្រុសបុរសខាងលើបានអោយដឹងថា ឪពុករបស់គាត់មានជំងឺផ្លូវចិត្តអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ និងបានទៅបើកថ្នាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយកន្លងមកឪពុករបស់គាត់ចេះតែរង្វេង និងភ្លឹក ព្រមទាំងដួលសន្លប់ផងដែរ ។
តាមការបញ្ជាក់របស់លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាបានអោយដឹងនៅព្រឹកថ្ងៃ១១ខែមីនាឆ្នាំ២០២០នេះថាក្រោយកម្លាំងរបស់លោកចុះទៅដល់សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះម្នាក់ខាងលើបានដើរចូលទៅក្នុងរបងបរិវេណផ្ទះអ្នកជិតខាង ដោយទឹកមុខស្លេកស្លាំង ហើយក៏ដួលសន្លប់ និងប្រកាច់ បន្ទាប់ពីដួលសន្លប់ប្រមាណ១០នាទីក្រោយមកក៏បានដឹងខ្លួនវិញ រួចក្រោកអង្គុយ ។
បច្ចុប្បន្នក្រុមគ្រួសារបាននាំបុរសខាងលើនោះទៅផ្ទះវិញហើយៗក្រុមគ្រួសារបានអះអាងប្រាប់សមត្ថកិច្ចថាឱពុករបស់គាត់មានជំងឺភ្លឹក ហើយតែងតែដួលសន្លប់កន្លងមកគឺមិនមានជំងឺCOVID19អីនោះទេ៕
អត្ថបទ៖ nkdnews