នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលថៃ បានធ្វើបច្ចុប្បន្នភាពរបាយការណ៍ទាក់ទងនឹងវីរុសកូវីដ១៩ ដោយរកឃើញថា មនុស្ស ៦នាក់ទៀត បានឆ្លងវីរុសនេះ ក្នុងនោះ មានជនជាតិថៃ ៥រូប និង ជនជាតិសិង្ហបុរី ១រូប។
នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ក្នុងចំណោមអ្នកទាំង៦ មានមន្ត្រីអន្តោប្រវេសន៍ដែលជាជនជាតិថៃ ចំនួន២រូប ដែលបម្រើការនៅព្រលានយន្តហោះសុវណ្ណភូមិ ក្រុងបាងកក បានឆ្លងវីរុសកូវីដ១៩។ ករណីរកឃើញថ្មីនេះ ធ្វើឱ្យប្រទេសថៃ មានករណីវីរុសកូវីដ១៩ កើនដល់ ៥៩ករណី។
មន្ត្រីអន្តោប្រវេសន៍ ដែលធ្វើការឆែកលិខិតឆ្លងដែន (ប៉ាស្ព័រ) មានម្នាក់អាយុ ២១ឆ្នាំ និងម្នាក់ទៀតអាយុ ៤០ឆ្នាំ។ ពួកគេ បានប៉ះពាល់ជាមួយភ្ញៀវទេសចរបរទេស និងលិខិតឆ្លងដែន រួមទាំងវ៉ាលីរបស់ភ្ញៀវ។ សូមជម្រាបថា គិតមកទល់ពេលនេះ ក្នុងចំណោមករណីទាំង៥៩នៅទូទាំងប្រទេសថៃ មានអ្នកជំងឺ ៣៤នាក់ ត្រូវបានជាសះស្បើយ, ២៤នាក់កំពុងសម្រាកព្យាបាល និង ១នាក់បាន ស្លា ប់៕
អត្ថបទ៖ ប្រជាប្រិយ