ក្រសួងសុខាភិបាលថៃបានបញ្ជាក់ឲ្យដឹងទៀតថា អ្នកផ្ទុកមេរោគCovid-19 ទាំង១១នោះ ដោយសារតែប្រើប្រាស់វត្ថុរួមគ្នាដូចជាផឹកស្រាកែវជាមួយគ្នា និងជក់បារីរួមគ្នាជាដើម។ក្រសួងខាងលើបានឲ្យដឹងបន្ថែមទៀតថា ក្នុងចំណោមជនជាតិថៃចំនួន ១៥នាក់ ដែលជាមិត្តភក្តិនឹងគ្នា មាន ១១នាក់ត្រូវបានរកឃើញមេរោគផ្លូវដង្ហើម COVID-19 ហើយក្នុងចំណោមអ្នកទាំង ១៥នាក់នេះ មានអ្នកខ្លះបានជួបជាមួយភ្ញៀវមកពីហុងកុងនាថ្ងៃទី២១ ខែកុម្ភៈ។នេះបើយោងតាមកាសែតថៃបាងកកប៉ុស្ត៍ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១២ មីនា ២០២០។
ស្រាប់តែថ្ងៃទី២៥ ខែកុម្ភៈ អ្នកទាំងនោះ បានចេញរោគសញ្ញាដូចជាឈឺក្បាល ក្តៅខ្លួន និងក្អកជាដើម។ ទោះបីមានអាការៈមិនស្រួលខ្លួន ក៏ពួកគេនៅតែទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍មួយកន្លែង និងបានផឹកស្រាជុំគ្នា។ ក្នុងពិធីនេះហើយដែលពួកគេបានប្រើប្រាស់កែវស្រារួមគ្នា
និងចែកបារីគ្នាជក់ទៀតផង។ក្នុងចំណោមមនុស្ស ១៥នាក់ មាន ១១នាក់ផ្ទុក COVID-19 ចំណែក ៤នាក់ទៀត មិនមានផ្ទុកជំងឺនេះឡើយ ព្រោះមិនបានផឹកស្រា និងជក់បារី។ ចំណែកមនុស្សផ្សេងទៀត ដែលចូលរួមក្នុងអាពាហ៍ពិពាហ៍នេះ ក៏ត្រូវបានគេយកសំណាកទៅពិនិត្យផងដែរ ប៉ុន្តែរកឃើញអវិជ្ជមាន។