អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា ក្រសួងមហាផ្ទៃ មិនមានវិធានការច្បាប់ លើអ្នកលក់តម្លើងថ្លៃម៉ាស់ខ្ពស់ទេ តែគ្រាន់តែសំណូមពរដល់អ្នកធ្វើអាជីវកម្មម៉ាស់ កុំលក់ក្នុងតម្លៃថ្លៃហួសហេតុពេក និងត្រូវមានសីលធម៌ សុជីវធម៌នៅក្នុងអាជីវកម្មរបស់ខ្លួន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណរដ្ឋមន្ត្រី នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លោក ខៀវ សុភ័គ បានលើកឡើងថា ការលក់តម្លើងថ្លៃម៉ាស់ មិនមែនតែប្រទេសកម្ពុជាទេ តែនៅទូទាំងពិភពលោក ក៏គេលក់ឡើងថ្លៃផងដែរ។ មានប្រទេសខ្លះ ក៏មានតម្លៃថ្លៃជាងកម្ពុជាផងដែរ ជាពិសេសនៅប្រទេសចិនតែម្តង ដែលជាប្រទេសផ្ទុះឡើមេរោគ កូវីដ១៩ ខ្វះម៉ាស់ប្រើប្រាស់ ដោយនាំចូលពីក្រៅប្រទេសទៅវិញ។
លោកបញ្ជាក់ថា ប្រសិនបើក្រសួងមហាផ្ទៃ មានវិធានការច្បាប់ចំពោះអ្នកលក់ម៉ាស់ទាំងអស់នោះ ប្រហែលជាពន្ធនាគារកម្ពុជា មិនមានកន្លែងដាក់ទេ ព្រោះបច្ចុប្បន្ន កំពុងណែនរួចទៅហើយ។ ម្យ៉ាងវិញទៀត ដោយយោងតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ក្រម៉ាជំនួសម៉ាស់ក៏បាន និងក៏អាចកែច្នៃម៉ាស់ដោយខ្លួនឯងបាន ជាការប្រសើរ បើមិនមានលទ្ធភាពទិញម៉ាស់ពាក់៕
អត្ថបទ៖ clicknews