ថ្នាក់ដឹកនាំសំខាន់ៗនៅជុំវិញពិភពលោក បានដកថយពីការិយាល័យ ដោយងាកមកបំពេញការងារពីផ្ទះវិញ ក្រោយការរីកសាយមេរោគកូរ៉ូណាមានល្បឿនលឿន ដែលនេះបើយោងតាមកាសែត CNN។
នាព្រឹកនេះ ប្រពន្ធរបស់លោក Justin Trudeau នាយករដ្ឋមន្ដ្រីកាណាដា បានធ្វើតេស្ដវិជ្ជមានកូវីដ-១៩។ ឥលូវនេះ លោកកំពុងក្ដោបក្ដាប់ការងារប្រទេសជាតិ ប៉ុន្ដែមិនមែនក្នុងការិយាល័យដូចសព្វមួយដងឡើយ។ លោកកំពុងនៅដាច់ដោយឡែក ដោយសង្ស័យបានប៉ះពាល់វីរុស។វីរុសកូរ៉ូណា ដែលចម្លងមិនប្រកាន់ពូជសាសន៍នេះ បានធ្វើឱ្យមន្រ្តីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់នៅជុំវិញពិភពលោក ចាត់វិធានការការពារនិងនៅដាច់ដោយឡែក ក្រោយសង្ស័យថាបានប្រាស្រ័យទាក់ទងជាមួយអ្នកមានផ្ទុកវីរុស។
ខណៈនេះ ពុំទាន់មានការបញ្ជាក់ថា លោក Trudeau មានផ្ទុកមេរោគឬយ៉ាងណានៅឡើយទេ ប៉ុន្ដែលោកស្ថិតក្នុងចំណោមបញ្ជីថ្នាក់ដឹកនាំដែលសម្រេចផ្អាកមកធ្វើការនៅការិយាល័យដ៏វែងអន្លាយ ដែលក្នុងនោះរួមមានសមាជិកសភាជាន់ខ្ពស់របស់អង់គ្លេស រដ្ឋមន្ដ្រីសុខាភិបាលអង់គ្លេស អនុរដ្ឋមន្ដ្រីសុខាភិបាលរបស់អ៊ីរ៉ង់ រដ្ឋមន្រ្ដីវប្បធម៌បារាំង និងប្រធានសភាអ៊ឺរ៉ុបជាដើម៕
អត្ថបទ៖ Swiftnews