សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាបន្ទាន់មួយទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលកំពុងជាប់នៅដែនទឹកក្នុងប្រទេសវៀតណាម បន្ទាប់ពីវៀតណាម មិនឱ្យចូលព្រោះបារម្ភមានជំងឺកូវីត១៩ (COVID-19)។
បន្ទាប់ពី លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ខ្មែរ៤គ្រឿង ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ ហើយម្ចាស់នាវានោះ បានស្នើដោយផ្ទាល់ទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈទំព័រ Facebook របស់សម្តេច ។
លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ បានសរសេររៀបរាបលើទំព័រ Facebook កាលពីថ្ងៃទី១៥ ខែមីនា ម្សិលមិញថា របស់លោកចំនួន៤គ្រឿង ដែលជានាវាចុះបញ្ជីនៅប្រទេសកម្ពុជា ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ។
ម្ចាស់នាវា បន្តថា លើនាវានោះមាននាវិកសរុប ៩០នាក់ និងភ្ញៀវចម្រុះជាតិសាសន៍ជាង ៦០នាក់ ។ ការដែលវៀតណាម មិនអនុញ្ញាតឱ្យចូលចិត្តនេះ ធ្វើឱ្យនាវាជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុកលើនាវាផងដែរ។លោក ផាន សុបិន្ត បានសុំសម្តេចតេជោជួយអន្តរាគមន៍ ដើម្បីបើកផ្លូវនៅក្អមសំណរឱ្យនាវាទាំង៤នេះ បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
ដោយឡែកលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ សម្តេចតេជោ បានបញ្ជាទៅលោកហើយកាលពីយប់មិញ ហើយក៏បានធ្វើការទាំងយប់ផងដែរ ។ ដោយក្នុងចំណោមនាវាទាំង៤គ្រឿង នាវា៣គ្រឿង មានផ្ទុកអ្នកទេសចរដែលភាគច្រើនមកពីប្រទេសនៅតំបន់អឺរ៉ុប ហើយនាវាមួយគ្រឿងទៀត មិនមានអ្នកទេសចរទេ មានតែអ្នកបម្រើលើនាវាប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់ពេលនេះខាងនាវា ក៏ដូចជាក្រសួងកំពុងសម្របសម្រួលសុំចូលចតនៅក្នុងប្រទេសវៀតណាម ។ តែបើវៀតណាម នៅតែមិនអនុញ្ញាតទៀត គឺរាជរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យនាវាទាំង៤គ្រឿងត្រឡប់មកវិញ ដោយត្រូវសំចតនៅច្រកក្អមសំណរ ដើម្បីត្រួតពិនិត្យសុខភាពជាមុនសិន ។ក្នុងករណីពិនិត្យឃើញថា អ្នកទេសចរលើនាវាមិនមានបញ្ហាសុខភាពទេ នឹងត្រូវដឹកជញ្ជូនពួកគាត់ចូលមករាជធានីភ្នំពេញ ៕អូ
អត្ថបទ៖ nkdnews