គិតត្រឹមថ្ងៃចន្ទនេះ ម៉ាឡេស៊ីបានរាយការណ៍ពីការរកឃើញអ្នកឆ្លងវីរុសរលាកសួតប្រភេទថ្មីកូវីដ-១៩ ចំនួន១៩០នាក់ថែមទៀត ដែលភាគច្រើន ជាអ្នកចូលរួមក្នុងពិធីជួបជុំបែបសាសនា “អ៊ិជទីម៉ាក នៅព្រះវិហារអ៉ីស្លាមមួយកន្លែងនៅរដ្ឋសាលាងរ ដែលមានអ្នកចូលរួមច្រើនជាង១៦,០០០នាក់ មកពីតាម បណ្តាប្រទេសជាច្រើន នៅក្នុងនោះមានពលរដ្ឋកម្ពុជាចំនួន៧៧នាក់ចូលរួមផងដែរ។ នេះបើតាមការចេញផ្សាយចេញពីសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី១៦ ខែមីនា។អូ
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី បើបូកបន្ថែមករណីថ្មីទាំងនេះ ចំនួនសរុបនៃអ្នកដែលបានឆ្លងកូវីដ-១៩ នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនដល់៤២៨នាក់ហើយ ក្នុងនោះ៩នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ខណៈ៤២នាក់បាន ចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។
កាលពីថ្ងៃសុក្រកន្លងទៅ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muyiddin Yassin បាននិយាយថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ កូវីដ-១៩ ដែលកំពុងរាតត្បាតជុំវិញពិភពលោក រាល់ការប្រមូលផ្តុំគ្នា រួមមានកិច្ចប្រជុំអន្តរជាតិ ការប្រកួតកីឡា ព្រឹត្តិការណ៍ជួបជុំ លក្ខណៈសង្គម និងសាសនាទ្រង់ទ្រាយធំនៅក្នុងប្រទេសលោក នឹងត្រូវលុបចោល ឬផ្អាករហូតទាល់តែផុតខែមេសា។
ដោយឡែកនៅកម្ពុជាវិញ សាសនិកឥស្លាមចំនួន ២រូប នៅក្នុងចំណោម៧៧រូបដែលបានទៅចូលរួមកម្មវិធី “អ៊ិជទីម៉ាក” នៅក្នុងប្រទេសម៉ាឡេស៊ី បានធ្វើតេស្តវិជ្ជមានរកឃើញឆ្លងវីរុសកូវីដ-១៩ ។ សាសនិកខ្មែរឥស្លាមទាំងពីររូបនោះ គឺរស់នៅខេត្តព្រះវិហារ។គួរជម្រាបថា មកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន១២ ករណី ដោយ ៩ករណីជាជនបរទេស និង៣ករណីលើ់ជនជាតិខ្មែរ៕
អត្ថបទ៖ CPCnews