សេចក្តីថ្លែងការណ៍ថ្មីៗនេះពីអង្គការសុខភាពពិភពលោក WHO បានបង្ហាញថា អ្នកជក់បារីនៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺមានហានិភ័យខ្ពស់នៃការឆ្លងមេរោគ “កូវីដ១៩” ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Jakarta Post នៅថ្ងៃទី១៦ ខែមីនា។
វេជ្ជបណ្ឌិត ប៉ារ៉ានី តំណាងអង្គការសុខភាពពិភពប្រចាំនៅប្រទេសឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា“ អ្នកជក់បារីគឺមានហានិភ័យខ្ពស់នៃជំងឺបេះដូង និងជំងឺផ្លូវដង្ហើម ដែលជាកត្តាហានិភ័យខ្ពស់ក្នុងប្រឈមមុខខ្លាំងជាមួយការឆ្លងវីរុសកូវីដ១៩ ” ។
ទិន្នន័យឆ្នាំ ២០១៨ ពីការស្ទង់មតិសុខភាពមូលដ្ឋានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីមានអត្រាជក់បារីខ្ពស់បំផុតមួយនៅលើពិភពលោក។ ប្រហែលជា ៦៣ ភាគរយនៃបុរសពេញវ័យនៅក្នុងប្រទេសគឺជាអ្នកជក់បារី។
គិតត្រឹមថ្ងៃចន្ទនេះ ករណីឆ្លងវីរុសកូវីដ១៩នៅឥណ្ឌូនេស៊ីមានចំនួន ៦៩ ករណី នៅក្នុងនោះមានមនុស្ស ៤ នាក់បានស្លាប់ដោយសារជំងឺនេះ។ អ្នកជំងឺទី ១ ដែលត្រូវបានគេស្គាល់ថាជាករណីទី ២៥ បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីទទួលការព្យាបាលអស់រយៈពេល ៣ ថ្ងៃ ហើយអ្នកជំងឺទី ២ បានស្លាប់នៅទីក្រុង Surakarta នៃកោះជ្វាកណ្តាលកាលពីថ្ងៃសុក្រ៕
អត្ថបទ៖ CPCnews