លោកឧត្តមសេនីយ៍ទោ Rachit Arunrangsi ប្រធាននាយកដ្ឋានសង្គ្រាមកងទ័ព នៃប្រទេសថៃ បានឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Phramongkutklao។ នេះបើតាមការបញ្ជាក់លោកនាយឧត្តមសេនីយ៍ Nathaphon Srisawat ទីប្រឹក្សាពិសេសកងទ័ព នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
លោកRachit បានកើតអាការៈគ្រុនក្តៅកាលពីថ្ងសុក្រកន្លែង និងធ្វើតេស្តឃើញវិជ្ជមាន COVID-19 នៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង។ មុនកើតជំងឺនេះ លោកបានទៅកីឡដ្ឋានប្រដាល់ Lumpini ក្នុងនាមលោកជាប្រធានកីឡដ្ឋាននេះ។ចំណែកមនុស្សប្រមាណ ៦០នាក់ ដែលទាក់ទងជិតស្និទ្ធជាមួយលោក Rachit ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងផ្ទះរបស់ខ្លួន។
ក្នុងនោះមានយោធាជាន់ខ្ពស់ ៣៦រូប អាចមានលទ្ធភាពឆ្លងជំងឺនេះច្រើន។លោកនាយឧត្តមសេនីយ៍ Nathaphon Srisawat បញ្ជាក់ថា «អ្នកដែលជិតគាត់ចម្ងាយប្រមាណ ៤,៥ម៉ែត្រ ក្នុងរយៈពេលយ៉ាងហោច ១៥នាទី គឺមានហានិភ័យខ្ពស់នៃការឆ្លងជំងឺ»៕