ឆ្កែ៣៩ក្បាលនឹងជួយទាហានក្នុងការរារាំងកុំអោយមនុស្សជ្រៀតចូលវៀតណាមមកពីខាងទឹកដីចិនដោយខុសច្បាប់ ក្នុងបំណងទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាកូវីដ១៩។
ឆ្កែបង្វឹកទាំងនេះនិងមន្ត្រីអនុវត្តច្បាប់រួមទាំងសិស្សនៅសាលាការពារព្រំដែនចំនួនពីរក្នុងទីក្រុងហាណូយត្រូវបានបញ្ជូនទៅកាន់ព្រំដែនចុងខាងជើងជាប់ចិនដើម្បីធានាថា នឹងមិនមាននរណាម្នាក់ចូលវៀតណាមតាមផ្លូវតូចៗនៅព្រំដែនដោយមិនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពឡើយ។
ក្នុងពេលជាមួយគ្នាអាជ្ញាធរបានបិទច្រកព្រំដែនរងចំនួន៦៣នៅព្រំដែនចិនហើយហាមមិនអោយជនបរទេសដែលសង្ស័យផ្ទុកកូវីដ១៩ចូល។វៀតណាមក៏បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅនឹងកន្លែងចំនួន២៦០និងប៉ុស្តិ៍ចល័តចំនួន២៧៥ដើម្បីរឹតបន្តឹងការគ្រប់គ្រងលំហូរមនុស្សកាត់ព្រំដែន ជាមួយនឹងកម្លាំងជាង៣.០០០នាក់។
សូមបញ្ជាក់ថា វៀតណាមហាមមិនអោយមនុស្សមកពីតំបន់ផ្ទុះជម្ងឺដូចជាកូរ៉េខាងត្បូង អ៊ីរ៉ង់ អ៊ីតាលី និងបណ្តាប្រទេសអឺរ៉ុប ចូលក្នុងប្រទេសខ្លួនទេ លើកលែងតែអ្នកចូលមកក្នងហេតុផលការទូត។វៀតណាមឥឡូវមានអ្នកឆ្លងវីរុសនេះ៥៧ករណី រួមមាន៤១ករណីចាប់តាំងពីថ្ងៃ០៦មីនាមក បន្ទាប់ពីលែងមានអ្នកឆ្លងអស់២២ថ្ងៃ។
អ្នកផ្ទុកវីរុសកូវីដ១៩នេះទី៥៥ ,៥៦និង៥៧ជាអ្នកមកពីអាឡឺម៉ង់ម្នាក់ និងអង់គ្លេស២នាក់។ពួកគេទាំងបីបានជិះយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាមមកចុះនៅក្រុងហាណូយ។ឥឡូវមនុស្សរាប់សិបនាក់ដែលមានការពាក់ព័ន្ធនឹងអ្នកទេសចរទាំង៣ រួមទាំងយន្តហោះដែលពួកគេជិះត្រូវដាក់នៅដាច់ពីគេ។មុននេះកាលពីថ្ងៃអាទិត្យ ទីក្រុងហូជីមីញ បានបញ្ជាក់ថាបានរកឃើញអ្នកឆ្លងវីរុសនេះ៨នាក់ផងដែរ។កូវីដ១៩បានឆ្លងរាលដាលទៅដល់ប្រទេសនិងដែនដី១៥៦នៅជុំវិញពិភពលោក ដោយឆក់យកជីវិតមនុស្សជាង៦ពាន់នាក់ហើយ៕