បើតាមមន្ត្រីមកពីអង្គការសុខភាពពិភពលោក បានថ្លែងកាលពីម្សិលមិញនេះថា សមាជិកបុគ្គលិករបស់ខ្លួន ២ រូប បានរកឃើញផ្ទុកវីរុស COVID-19 ។អង្គការសុខភាពពិភពលោក ដែលជាចំណែកសំខាន់ក្នុងការដោះស្រាយ ប្រយុទ្ធប្រឆាំងនឹងបញ្ហាវីរុសរាតត្បាតជាសកល COVID-19 នេះ បាននិយាយថា បុគ្គលិករបស់ខ្លួនទាំង ២ រូប បានចាប់ផ្ដើមចេញអាការៈនៃវីរុសនេះ ក្នុងផ្ទះរបស់ពួកគេ ហើយក៏ត្រូវបានយកសំណាកទៅធ្វើតេស្តិ៍ រួចក៏ឃើញវិជ្ជមានលើវីរុសនេះ ។
ដំណឹងនៃការចេញរោគសញ្ញារបស់ពួកគេ ត្រូវបានផ្សព្វផ្សាយ ខណៈ ការិយាល័យប្រចាំតំបន់នៃអង្គការ WHO ក្នុងតំបន់អឺរ៉ុប បាននិយាយថា ពួកយើងត្រូវបង្កើតវិធានការជាក់លាក់ ក្នុងប្រទេសក្នុងតំបន់អឺរ៉ុបទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតជាសកលនេះ ។
ករណីថ្មីរបស់អង្គការសុខភាពពិភពលោក ទាំង ២ រូបនេះ គឺជាករណីដំបូង ដែលកើតឡើងក្នុងអង្គការដែលមានទីតាំងនៅក្រុង ហ្សឺណែវ ។ ទោះជាយ៉ាងណា មិនមានព័ត៌មានជាក់លាក់ណា បញ្ជាក់ថា បុគ្គលិកដែលបានឆ្លងវីរុសនោះ គឺកំពុងបំពេញការងារលើបញ្ហាប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ឬក៏យ៉ាងណានោះទេ ៕
ប្រភព៖ Dailymail