នៅថ្ងៃពុធនេះ ប្រទេសម៉ាឡេស៊ីបានបិទផ្នែកខ្លះសម្រាប់រយៈពេលពីរសប្តាហ៍បន្ទាប់ពីការឆ្លងវីរុសកូរ៉ូណាក្នុងប្រទេសនេះបានកើនឡើងខ្ពស់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសម៉ាឡេស៊ីនិងហ្វីលីពីនដែលបានដាក់នៅដោយឡែកសម្រាប់ប្រជាជនប្រហែលពាក់កណ្តាលក្នុងចំណោមប្រជាជន១០៧លាននាក់របស់ខ្លួនគឺបានដាក់ការរឹតត្បិតខ្លាំងបំផុតទៅលើចលនារបស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនេះបានបង្កឲ្យមានការភាន់ច្រលំនិងភាពវឹកវរបើទោះបីជាទីផ្សារមូលធននៅក្នុងប្រទេសទាំងពីរនឹងនៅតែបន្តបើកដំណើរការក៏ដោយ។
ប៉ុន្មានម៉ោងមុនការរឹតត្បិតលើចលនាបានចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រក្នុងប្រទេសម៉ាឡេស៊ី, ប្រជាជនរាប់ពាន់នាក់បានតម្រង់ជួរនៅតាមស្ថានីយរថយន្តក្រុងដើម្បីវិលត្រឡប់ទៅស្រុកកំណើតវិញ។ ជនជាតិម៉ាឡេស៊ីមួយចំនួនដែលធ្វើដំណើរទៅប្រទេសសិង្ហបុរីរាល់ថ្ងៃដើម្បីធ្វើការគឺបានឆ្លងកាត់ព្រំដែនដើម្បីស្នាក់នៅទីនោះរយៈពេលពីរសប្តាហ៍។
ផ្លូវនានាក្នុងរាជធានីគូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ីដែលជាធម្មតាតែងតែកកស្ទះខ្លាំងជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃធ្វើការគឺសឹងតែគ្មានមនុស្សទាល់តែសោះនៅព្រឹកថ្ងៃពុធ។ ហាងកាហ្វេនិងភោជនីយដ្ឋានខ្លះនៅតែបើកប៉ុន្តែអតិថិជនត្រូវបានអនុញ្ញាតឲ្យយកតែអាហារទៅផ្ទះប៉ុណ្ណោះ។
បណ្តាផ្សារទំនើបធំៗដូចជា Mydin ជាដើមបានដាក់ចេញនូវវិធានការជាច្រើនដែលរួមមានទាំងកន្លែងលក់ទំនិញពិសេសៗនិងផ្លូវអ្នកគិតលុយសម្រាប់មនុស្សចាស់និងជនពិការផងដែរហើយបានកំណត់ការទិញស្បៀងអាហារដូចជាអង្ករ ម្សៅ ប្រេងឆា ទឹកអនាម័យសម្អាតដៃនិងថ្នាំសម្លាប់មេរោគ។
ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីការស្លាប់ដោយសារវីរុសកូរ៉ូណាពីរនាក់លើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារដោយក្នុងនោះមានបុរសម្នាក់ដែលបានចូលរួមក្នុងពិធីជួបជុំមូស្លីមមួយដែលត្រូវបានគេផ្សារភ្ជាប់ទៅនឹងជិត២ភាគ៣នៃការឆ្លងរបស់មនុស្ស៦៧៣នាក់ក្នុងប្រទេសនេះ។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin ដែលទើបតែចូលកាន់តំណែងក្នុងខែនេះបានធានាថានឹងមានស្តុកចាំបាច់គ្រប់គ្រាន់សម្រាប់ប្រទេសដែលមានប្រជាជនចំនួន៣២លាននាក់មួយនេះ។លោកបានបិទប្រកាសឲ្យព្រំដែនរបស់ប្រទេសម៉ាឡេស៊ីសម្រាប់អ្នកដំណើរ រឹតត្បិតចលនាក្នុងប្រទេស បិទសាលារៀននិងសាកលវិទ្យាល័យហើយបញ្ជាឲ្យអាជីវកម្មដែលមិនចាំបាច់ត្រូវផ្អាកដំណើរការ៕ REUTERS