សមាជិកសភាមកពីររដ្ឋផ្លូវរីដា Florida លោកMario Diaz-Balart និងលោក Ben McAdams សមាជិកតំណាងរាស្ត្រមកពីរដ្ឋយូតាហ៍Utah ត្រូវបានគេធ្វើតេស្តរកឃើញផ្ទុក COVID-19 ។នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០នេះ។
ការិយាល័យរបស់លោកសមាជិកសភា Diaz-Balart នៅថ្ងៃពុធសប្ដាហ៍នេះ បានឱ្យដឹងថា បច្ចុប្បន្នសមាជិកសភាតំណាងរាស្ត្រ នៃគណបក្សសាធារណរដ្ឋរូបនេះ កំពុងស្ថិតនៅដាច់ដោយឡែកពីគេ ដើម្បីទទួលការព្យាបាល។លោកសមាជិកសភា Diaz-Balart ក៏បានថ្លែងថា លោកស្ថិតនៅក្នុងស្ថានភាពប្រក្រតី ហើយលោកបានអំពាវនាវឱ្យប្រជាជនអាមេរិកទាំងអស់ អនុវត្តតាមសេចក្ដីណែនាំរបស់មជ្ឈមណ្ឌលអាមេរិក សម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) ។លោក Ben McAdams ជាសមាជិកសភានៃរដ្ឋ Utah មកពីគណបក្សប្រជាធិបតេយ្យ ក៏បានប្រកាសថា លោកបានឆ្លងជំងឺ COVID-19 ផងដែរ។