អាជ្ញាធរឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបដិសេធចំពោះព័ត៌មានមួយចំនួនដែលចុះផ្សាយថា សាសនិកឥស្លាមច្រើនជាង ៨ពាន់នាក់ មកពីបណ្ដាប្រទេសជុំវិញទ្វីបអាស៊ី កំពុងប្រមូលផ្តុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី បើទោះបីជាមានការហាមឃាត់ពីអាជ្ញាធរក៏ដោយ។នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៩ ខែមីនា។
ពាក់ព័ន្ធជាមួយបញ្ហានេះ យោងតាមអ្នករៀបចំកម្មវិធីជួបជុំ ក៏ដូចជាអាជ្ញាធរប្រទេសនេះ ពិធីជួបជុំដែលមានមនុស្សជាច្រើនចូលរួមនេះ ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នជាច្រើនថ្ងៃមកហើយ នៅក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩។
គួរជម្រាបថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថា សាសនិកឥស្លាមច្រើនជាង ៨ពាន់នាក់ មកពីបណ្ដាប្រទេសជុំវិញទ្វីបអាស៊ី បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ ដើម្បីចូលរួមពិធីបែបសាសនាដ៏ធំមួយ បើទោះបីជាអាជ្ញាធរហាមឃាត់ក៏ដោយ៕