ខណៈដែលក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចឲ្យផ្អាកកម្មវិធីប្រគំតន្ត្រីនៅតាមទីធ្លាសាធារណៈ ដែលមានមនុស្សចូលរួមច្រើនកុះករនៅទូទាំងប្រទេសព្រោះតែបញ្ហាជំងឺCovid-19នោះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម បានសម្តែងការគាំទ្រនិងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ប្រាប់កម្ពុជាថ្មីឲ្យដឹងតាមទូរសព្ទនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ តារាចម្រៀងមានដើមកំណើតមកពីទឹកដីខេត្តកំពង់ស្ពឺនាយ ចឺម បានលើកឡើងថា បន្ទាប់ពីក្រសួងបានសម្រេចប្រកាសឲ្យផ្អាកកម្មវិធីប្រគំតន្ត្រីនានាដែលមានមនុស្សចូលរួមច្រើននោះ គឺភ្លាមៗនេះខ្លួន(នាយ ចឺម)ត្រូវបានម្ចាស់កម្មវិធីមួយចំនួនទាក់ទងសូមពន្យារពេល និងលុបចោលការប្រគំតន្ត្រីជាបន្តបន្ទាប់។
នាយ ចឺម បាននិយាយទៀតថា ខ្លួនមិនមានអ្វីត្រូវសោកស្តាយនោះទេ ពោលគឺមានតែគាំទ្រចំពោះការសម្រេចរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដែលបានសម្រេចប្រកាសផ្អាករាល់ការជួបជុំផ្សេងៗពិសេសដូចជានៅតាមការប្រគំតន្ត្រី KTV និងរោងភាពយន្តជាដើម។ នាយថាទោះបីត្រូវបានបាត់បង់ចំណូលអំឡុងពេលនេះក៏ពិតមែន តែខ្លួនមិនបានបាត់បង់ការងាររហូតនោះទេ ផ្ទុយទៅវិញនាយសូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវប្រុងប្រយ័ត្នលើសុខភាព និងមានការការពារខ្ពស់ចំពោះសុខភាពឬសម្អាតអនាម័យជាប្រចាំ។
យ៉ាងមិញអំឡុងពេលនេះដែរនាយ ចឺម មិនបានបញ្ជាក់ប្រាប់ទេថា ក្រោយពេលម្ចាស់កម្មវិធីប្រគំតន្ត្រីមួយចំនួន បានប្រកាសលុបចោលអំឡុងរយៈពេលនេះ ខ្លួនត្រូវបានបាត់បង់ចំណូលប៉ុន្មាននោះ ខណៈដែលកន្លងមកធ្លាប់មានប្រភពបង្ហើបថាក្នុងរយៈពេល១ខែនាយ ចឺម អាចរកចំណូលបានខ្ពស់រហូតខ្ទង់៣ម៉ឺនដុល្លារឯណោះ។
សូមបញ្ជាក់ថា បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសូមប្រកាសឲ្យមានការផ្អាកកម្មវិធីប្រគំតន្ត្រីនៅតាមទីធ្លាសាធារណៈដែលមានមនុស្សចូលរួមច្រើនកុះករនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩ បានធូរស្រាល៕
អត្ថបទ៖ កម្ពុជាថ្មី