បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកទឹកផុស ចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធនឹងការនាំយកឱសថប្រភេទអាហារបំប៉ន មកបោកប្រាស់ប្រជាពលរដ្ឋថា ជាឱសថសម្រាប់ការពារជំងឺ Covid-19។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ក្រុមជនបោកប្រាស់ខាងលើនេះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនព្រោះបានយកថ្នាំប្រភេទអាហារបំប៉ន មកបោកប្រាស់ប្រជាពលរដ្ឋក្នុងផ្សាររមាស ស្រុកទឹកផុសថា ជាឱសថសម្រាប់ការពារជំងឺ Covid-19។សមត្ថកិច្ចបន្ថែមថា ជនខាងលើនេះថែមទាំងថា មិនចាំបាច់លាងដៃនិងអាល់កុល និងមិនបាច់ពាក់ម៉ាសក៍នោះទេ បើមិនជឿមើលតែពួកគេទាំងពីរនាក់នេះទៅ គឺប្រើមួយឈុតអាចការពារបានក្នុងមួយគ្រួសារ ដែលមានតម្លៃ៥០០ដុល្លារ។
ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មករដ្ឋបាលស្រុក ភ្លាមៗនោះ ក៏ត្រូវបានសមត្ថកិច្ចហៅនាំយកមកធ្វើការសាកសួរ ហើយក៏ចាត់ចែងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្ត កាលពីល្ងាចថ្ងៃទី០១ ខែមេសា ដើម្បីអនុវត្តនីតិវិធី។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ច រួមនឹងអាជ្ញាធរ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅសូមមេត្តាជ្រាប និងកុំចាញ់ការឆបោករបស់ជនខិលខូចបោកឱ្យទិញឱសថក្លែងក្លាយ ខណៈដែលប្រមុខរាជរដ្ឋាភិបាលបានប្រកាសហើយថា គ្មានឱសថណាអាចព្យាបាលបានទេ ក្រៅពីការការពារខ្លួនកុំឱ្យឆ្លង និងកុំចម្លងទៅអ្នកដទៃ ព្រមទាំងអនាម័យជាប្រចាំនោះ៕