យោងតាមទំព័រហ្វេសបុករបស់អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា ចែកសាប៊ូវេជ្ជសាស្ត្រចំនួន១២០០ដុំ ជូនដល់យុវជននិងក្រុមគ្រួសារ មកពីភូមិទាំង៣៦នៃឃុំចំនួន៦នៅក្នុងស្រុកបន្ទាយស្រី ដើម្បីជាគំរូដំបូងនៃការចាប់យកទម្លាប់លាងដៃនឹងសាប៊ូជាប្រចាំ ទប់ទល់ប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩នៅក្នុងសហគមន៍។
យុវជនទាំងនេះមានតួនាទីឈានមុខគេក្នុងការបំផុសអោយមានយកចិត្តទុកដាក់ខ្ពស់ទៅលើការសម្អាតដៃនឹងសាប៊ូអោយបានញឹកញាប់និងជាប្រចាំ នៅក្នុងចំណោមបងប្អូនប្រជាពលរដ្ឋទូទៅនៅតាមភូមិឃុំ ដែលជាមធ្យោបាយមានប្រសិទ្ធភាពបំផុតក្នុងការបង្ការទប់ស្កាត់ការរីករាលដាលមេរោគកូវីដនៅតាមទីជនបទ។
ខ្ញុំបាទសូមថ្លែងអំណរគុណដល់ក្រុមការងារយុវជនចុះជួយស្រុកបន្ទាយស្រី ដែលបាននាំយកសាប៊ូវេជ្ជសាស្ត្រទាំងនេះមកជូនរដ្ឋបាលស្រុកដើម្បីអនុវត្តកម្មវិធីចែកចាយសាប៊ូលាងដៃសម្លាប់មេរោគនៅតាមមូលដ្ឋាននិងសហគមន៍។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកនឹងចែកជូនសាប៊ូចំនួន៥០០០០ដុំ និងខិត្តបណ្ណអប់រំ៥០០០០សន្លឹកទៅដល់គ្រប់ប្រជាពលរដ្ឋក្នុងទូទាំងស្រុកនៅក្នុងសប្តាហ៍នេះ។ ការផ្តល់ជូនទាំងចំណេះដឹងនិងមធ្យោបាយ គឺធ្វើឡើងក្នុងចេតនាបង្កើតទម្លាប់ថ្មីមួយជូនដល់អ្នកបន្ទាយស្រី ដោយសង្ឃឹមថាវានឹងក្លាយទៅជាដើមទុនដ៏ប្រសើរដើម្បីការពារខ្លួនពីការឆ្លងមេរោគដ៏កាចសាហាវនេះ ក្នុងករណីដែលមានការផ្ទុះរីករាលដាលខ្លាំងនៅក្នុងស្រុក។