មន្ត្រីសុខាភិបាលជាន់ខ្ពស់នៅទីក្រុងព្យុងយ៉ាង បានអះអាងថា កូរ៉េខាងជើងនៅតែគ្មានការឆ្លងវីរុសកូរ៉ូណាសូម្បី ១ករណី។ការអះអាងនេះធ្វើឡើង ក្រោយពេលវីរុសមរណៈនេះ កំពុងរាតត្បាតជុំវិញពិភពលោក ហើយរហូតមកដល់ថ្ងៃសុក្រនេះ តួលេខនៃអ្នកឆ្លងវីរុសបានកើនលើស ១លាននាក់ និងមានអ្នកស្លាប់ជាង ៥៣.០០០នាក់។
កូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួនយ៉ាងលឿន បន្ទាប់ពីមានការការផ្ទុះខ្លាំងលើកដំបូងនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិនកាលពីខែមករា និងបានដាក់ចេញវិធានការយ៉ាងតឹងរឹង។លោក Pak Myong Su ប្រធានមន្ទីរប្រឆាំងជំងឺរាតត្បាតរបស់កូរ៉េខាងជើង បានអះអាងថា កិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើងបានទទួលជោគជ័យយ៉ាងពេញលេញ។លោកថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មាន AFP ដូច្នេះថា “មិនមានមនុស្សសូម្បី ១នាក់ឆ្លងវីរុសកូរ៉ូណាថ្មីក្នុងប្រទេសពួកយើងឡើយ”។
លោកបន្ថែមថា “យើងបានអនុវត្តនូវវិធានការណ៍ជាមុន និងវិធានការវិទ្យាសាស្ត្រ ដូចជាការត្រួតពិនិត្យ និងការដាក់អោយនៅដោយឡែកចំពោះបុគ្គលទាំងឡាយណាដែលបានចូលប្រទេសពួកយើង និងធ្វើការរំងាប់មេរោគលើទំនិញទាំងអស់ ព្រមទាំងបិទព្រំដែន និងបិទដែនសមុទ្រ និងអាកាស”។
សូមបញ្ជាក់ថា ប្រទេសស្ទើរតែទាំងអស់ក្នុងសកលលោក មានឆ្លងវីរុសកូរ៉ូណា ចាប់តាំងពីវាផ្ទុះឡើងដំបូងកាលពីខែធ្នូ ឆ្នាំ ២០១៩។ ដំបូងឡើយ ចិន និងកូរ៉េខាងត្បូង មានការរីករាលដាលខ្លាំង ប៉ុន្តែចិនបច្ចុប្បន្ន ហាក់គ្រប់គ្រងវីរុសនេះបាន ខណៈដែលកូរ៉េខាងត្បូង ហាក់មានភាពធូរស្រាលជាងមុន ដោយមានការឆ្លងយឺត។
បច្ចុប្បន្ន ប្រទេសដែលកំពុងរងគ្រោះខ្លាំងមានដូចជា អាមេរិច បារាំង អង់គ្លេស អ៊ីរ៉ង អ៊ីតាលី និងអាឡឺម៉ង ដែលប្រទេសទាំងនេះ មានការឆ្លងរាប់មុឺនករណី និងមានអ្នកស្លាប់រាប់ពាន់នាក់៕