អាកាសធាតុនៅកម្ពុជាអាចនឹងចុះក្តៅបន្តិច នៅត្រឹមកម្រិតសីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ៣៧អង្សាសេ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមេសា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឩតុនិយម នាថ្ងៃទី៧ ខែមេសា នេះ។
ក្រសួងបញ្ជាក់ថា នៅបណ្តាខេត្តតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី២៥ ទៅ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៤ ទៅ៣៧អង្សាសេ ហើយនៅតាមបណ្តាខេត្តខ្លះអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិច ទៅបង្គួរ ក្នុងនោះមានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។
ជាមួយគ្នានោះដែរ ក្រសួងធនធានទឹក និងឩតុនិយម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាមួយនឹងធាតុអាកាសក្តៅចុះថមថយបន្តិចនេះ៕