ស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេក អ្នកនាងប៉ាច គីមមួយ បានអះអាងថានាងមានថ្ងៃខួបកំណើតពិតប្រាកដ នៅថ្ងៃទី៤ ខែមេសា ហើយឆ្នាំនេះគម្រប់អាយុ២៦ឆ្នាំហើយ។ ប៉ុន្ដែនាងមិនបានប្រារព្ធខួប ដោយធ្វើពិធីធំដុំនោះទេ គឺមានតែមិត្តភក្ដិជិតដិតបំផុតមកម្ដង១ៗ ជូនពរមិនហ៊ានមកជួបជុំគ្នាទាំងហ្វូងទេ ព្រោះខ្លាចកូវីដ១៩។
ស្រស្រស់ម្ចាស់បទ ”កាឌឹបៗដាក់” រូបនេះវាចាថា ”ឆ្នាំហ្នឹងអាយុខ្ញុំពិតប្រាកដ២៦ឆ្នាំហើយបង ដោយសារតែកូវីដ១៩ហ្នឹង ខ្ញុំអត់បានធ្វើខួបអីធំដុំទេ ព្រោះខ្លាចការជួបជុំគ្នា។ប៉ុន្ដែរាល់ឆ្នាំ ក៏មិនដែលធ្វើខួបធុំដុំអីដែរ គ្រាន់តែជួបជុំគ្នាញាំអីតិចតួច ហើយឆ្នាំនេះអត់តែម្ដង”។
ថ្វីត្បិតតែប៉ាច គីមមួយ ថា គ្មានកម្មវិធីធំដុំនៅថ្ងៃខួបនាងមែន ប៉ុន្ដែគេឃើញមានតារាចម្រៀងរួមអាជីព ដូចជា ម៉ង ចាន់កញ្ញា , ចំរើន សុភ័ក្រ , ឈីន រតនៈ សោម ស្រីនាថ , នួន សុធារ័ក្រ និងពិសេសបណ្ដូលចិត្តរបស់នាង ប្រុសក្មេងសយ រតនៈ ក៏ទៅជូនពរនាងដល់បន្ទប់គេងតែម្ដង ធ្វើឲ្យគីមមួយ សប្បាយចិត្តរហូតភ្លេចអស់ទុក្ខកង្វល់។
ស្រីស្រស់រោមដៃជើងឆ្មាៗ អ្នកនាងប៉ាច គីមមួយ បានឲ្យដឹងថាខួបនាងឆ្នាំនេះនាងគ្មានប៉ងប្រាថ្នាអ្វីធំដុំ ជាងអ្វីដែលមានរាល់ថ្ងៃនេះទេ ប៉ុន្ដែទាំងអាជីពសិល្បៈ និងការប៉ងចង់ញាំអីជុំគ្នានៅថ្ងៃខួបរបស់នាងនេះ ត្រូវជាប់គាំងព្រមគ្នាតែម្ដង ព្រោះតែកូវីដ១៩នេះ។
ប៉ាច គីមមួយ បានឡើងកូដក្រឺតៗ នៅពេលដែលនាងមានឱកាសបានសម្ដែងជាញឹកញាប់ ជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ជាច្រើនបទមកហើយ ដូចជាបទ”មាន់ស្រែបន្លែស្រស់”, ”កូនយំល្វើយៗ”, ”កាឌឹបៗដាក់” ជាដើម ខណៈដែលប្រុសស្នេហ៍របស់នាង តារាចម្រៀងសយ រតនៈ កាន់តែបង្ហាញកាយវិការផ្អែមល្ហែមជាមួយស្រីស្អាតខ្លាំងឡើងៗ ដូចជាពួកគេជិះរថយន្ដ និងញាំអាហារតែ២នាក់ ដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង៕
អត្ថបទ៖ នគរធំ