ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នេះ ក្រសួងអប់រំយុវជន និងកីឡា នឹងអនុញ្ញាតឲ្យរៀបចំការប្រឡងតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬ ប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនសិក្សារៀងៗខ្លួន ដែលធានាស្តង់ដារគុណភាពដែលអាចទទួលយកបាន។
នេះបើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬ តាមប្រព័ន្ធអេឡិចត្រូនិកដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត នៅថ្ងៃទី១៣ ខែមេសា នេះ។ក្រសួងបញ្ជាក់បន្ថែមថា “ក្នុងករណីចាំបាច់ក្រសួងអប់រំ យុជន និងកីឡានឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សាដើម្បីធានាស្តង់គុណភាព”។
ជាមួយគ្នានេះដែរ គ្រឹះស្ថានសិក្សាដែលអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា អាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ ប៉ុន្តែសាមីគ្រឹះស្ថានសិក្សាត្រូវចុះហត្ថលេខាដោយខ្លួនឯង ហើយក្រសួងនឹងចុះអធិការកិច្ចតាមការចាំបាច់ ដើម្បីធានានូវគុណភាពនៃសញ្ញាបត្រនេះ៕