ទារិកាអភ័ព្វម្នាក់ ត្រូវម្តាយចិត្តខ្មៅអប្រិយយកមកបោះចោលដូចសត្វធាតុ នៅវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក តែសំណាងល្អ ត្រូវមន្ត្រីសាលាស្រុកថ្មពួកម្នាក់ ប្រទះឃើញ ហើយរើសយកទៅចិញ្ចឹមចាត់ទុកដូចជាកូនបង្កើត។
លោកម៉េត ហៀត អាយុ៤៩ឆ្នាំ ជាមន្ត្រីសាលាស្រុកថ្មពួក និងប្រពន្ធឈ្មោះលី សាវ៉េត អាយុ៤៦ឆ្នាំ ជាស្ត្រីមេផ្ទះ រស់នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក បានរៀបរាប់ឲ្យដឹងថា នៅយប់រើសបានទារិកាអភ័ព្វនេះ ក្រោយពីបិទទូរទស្សន៍ បិទភ្លើង រៀបចំចូលដេក ប្តីប្រពន្ធពួកគាត់បានឮសំឡេងទារកយំនៅក្រៅរបង ។ ពេលនោះ លោកបានដើរសំដៅ តាមសំឡេងក្មេងយំនោះ ស្រាប់តែឃើញកូនង៉ែតនេះម្តង មិនដឹងជាម្តាយចិត្តខ្មៅយកបោះចោលនៅទីនេះ តាំងពីពេលណា។
លោកម៉េត ហៀត បញ្ជាក់ថា ទារិកានេះ មានអាយុប្រហែល១ខែ ហើយនៅក្បែរទារិកានេះ ឃើញមានកំប៉ុងម្សៅ១ ដបទឹកគោ១ មានទឹកស្ករ១ មួក១ គ្មានក្រណាត់រុំនោះទេ ធ្វើឲ្យប្តីប្រពន្ធពួកលោកមានចិត្តអាណិតអាសូរជាខ្លាំង ទើបសម្រេចចិត្តរើសមកចិញ្ចឹមធ្វើជាកូន បើទោះបីប្តីប្រពន្ធគាត់មានកូនស្រី២នាក់ ហើយក្តី។ តែយ៉ាងណា លោកបានទូរស័ព្ទប្រាប់ទៅមេភូមិ និង លោកអភិបាលស្រុក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ជួយដឹងឮធ្វើជាសក្សីផងដែរ៕