ពិតជាគំរូដ៏ល្អមួយ ដែលប្រជាពលរដ្ឋចំនួន ២៥ នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញ បានស្ម័គ្រចិត្ត នៅដាច់ដោយឡែកពីក្រុមគ្រួសារចំនួន ១៤ ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ ១៩ ជាមួយ អាជ្ញាធរមូលដ្ឋានរបស់ខ្លួនចៀសវាងការចម្លងដល់ក្រុមគ្រួសារគាត់ និង សហគមន៍របស់ពួកគាត់ផ្ទាល់ ។
កាលពីរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០ លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីលោក លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មេប៉ុស្តិ៍ បានចុះទៅសួរសុខទុក្ខ និង ពន្យល់ប្រជាពលរដ្ឋ ពលករដែលមកពីប្រទេសថៃទាំង២៥ នាក់ ដែលក្នុងនោះ ៧ នាក់ នៅឃុំពង្រលើ និង ១៨ នាក់ នៅឃុំគោកធ្លកលើ អភិបាលស្រុកជីក្រែង ខេត្តសៀមរាប
អំពីការការពារសុខភាពពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងស្នាក់នៅដោយឡែក នៅសាលាបឋមសិក្សាពង្រលើ និង សាលាបឋមសិក្សាគោកធ្លក ឃើញថា មានសុខភាពធម្មតា តែទោះជាយ៉ាងណាត្រូវតែស្នាក់នៅ ឱ្យបាន ១៤ ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
នាឱកាសនោះ លោក អភិបាលស្រុកជីក្រែង ក៏បាននាំយកជាស្បៀងអាហារ និង របស់ប្រើប្រាស់មានដូចជា ទី១ ឃុំពង្រលើ ម្នាក់ៗទទួលបានអង្ករ ៥០ គីឡូក្រាម ទឹកស៊ីអ៊ីវ ២យួ ទឹកត្រី ២យួ ត្រីខ ២០កំប៉ុង សាប៊ូ និង ម៉ាស់ ។ទី២ ឃុំគោកធ្លកលើ ម្នាក់ៗទទួលបានអង្ករ ៥០ គីឡូក្រាម ទឹកស៊ីអ៊ីវ ២យួ ទឹកត្រី ២យួ ត្រីខ ១០ កំប៉ុង សាប៊ូ និងម៉ាស ៕