កម្មករអះអាងថា ពួកគាត់ប្រហែល ៣ពាន់នាក់ បម្រើការងារនៅរោងចក្រមួយ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានថៅកែបញ្ឈប់ពីការងារក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ។
កម្មការិនីផ្នែកវេចខ្ចប់ម្នាក់ ដែលសុំមិនប្រាប់ឈ្មោះដោយបារម្ភពីសុវត្ថិភាព បានប្រាប់វីអូឌីថាកម្មករ-កម្មការិនីប្រហែល ៣ពាន់ បម្រើការងារនៅរោងចក្រ ប្រឹភីសឹស (Propitious Cambodia Garment Ltd) ស្ថិតក្នុងក្រុងតាខ្មៅ ត្រូវបានថៅកែប្រកាសបញ្ឈប់ពីការងារភ្លាមៗ កាលពីម្សិលមិញនេះ ដោយមិនបានជូនដំណឹងជាមុនដល់កម្មករនោះទេ។
កម្មការិនីរូបនេះបានឱ្យដឹងថា ក្រោយថៅកែប្រកាសបញ្ឈប់ការងារកម្មករដ៏ច្រើននេះ ក្រុមកម្មករកំពុងបារម្ភអំពីការដោះស្រាយសំណងមិនត្រឹមត្រូវតាមផ្លូវច្បាប់ជូនពួកគេ ខណៈថៅកែរោងចក្រសន្យាបើកលុយសំណង និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ។
កម្មការិនីរូបនេះបង្ហាញក្តីព្រួយបារម្ភថា៖ «ពួកយើងពិបាកគ្រប់យ៉ាង នៅសុខៗបែរជាត្រូវបាត់បង់ការងារ។ ហើយមិនដឹងថា គេដោះស្រាយសំណង ឬក៏គិតលុយឱ្យយ៉ាងម៉េច។ អីចឹងហើយខ្ញុំចង់ឱ្យក្រសួងជួយចុះដោះស្រាយដល់ពួកខ្ញុំ ព្រោះពួកខ្ញុំអត់ដឹងអីសោះ សូន្យតែម្តង ព្រោះរោងចក្រហ្នឹងនៅសុខៗប្រកាសថាបិទអីចឹង។ […] អីចឹង ខ្ញុំចង់ឱ្យក្រសួងជួយទៅដោះស្រាយឱ្យពួកខ្ញុំតាមច្បាប់»។
កម្មការិនីផ្នែកត្រួតពិនិត្យ ដែលសុំមិនប្រាប់ឈ្មោះម្នាក់ទៀត និយាយថា ក្រោយថៅកែប្រកាសបញ្ឈប់ពីការងារ អ្នកស្រី និងកម្មករផ្សេងទៀត កំពុងពិបាកចិត្តដោយសារបាត់បង់ការងារធ្វើ ខណៈដែលខ្លួនកំពុងមានវ័យកាន់តែចាស់ពិបាករកការងារកន្លែងថ្មីធ្វើ និងរោងចក្រមួយចំនួនទៀតកំពុងព្យួរការងារកម្មករដែរនោះ។ កម្មការិនីរូបនេះលើកឡើងថា ពេលអត់ការងារធ្វើ គ្រួសារអ្នកស្រីនឹងប្រឈមបញ្ហាជីវភាព និងប្រឈមជំពាក់បំណុលគេទ្វេដង។
អ្នកស្រីបន្ថែមថា៖ «មិនមែនដូចក្រុមហ៊ុនព្យួរការងារ យើងបានលុយខ្លះ ដើម្បីដោះស្រាយជីវភាពទេណា។ ករណីពួកខ្ញុំនេះគឺក្រុមហ៊ុនបញ្ឈប់យើងផ្តាច់ចោលតែម្តង ដោយមិនទទួលលុយខ្លះជារៀងរាល់ខែទេ។ ហើយឥលូវ រោងចក្រនានាក៏លែងរើសកម្មករទៀតដែរ។ អីចឹង ពួកខ្ញុំត្រូវប្រឈមអត់ការងារធ្វើ។ អីចឹង យើងប្រឈមខ្វះខាតលុយខ្លាំងសម្រាប់ចំណាយហើយ»។
ប្រធានរដ្ឋបាលរោងចក្រ ប្រឹភីសីស អ្នកស្រី គួច ដាវី ប្រាប់វីអូឌីថា រោងចក្របញ្ឈប់កម្មករពីការងារនោះគឺដោយសារគ្មានអ្នកបញ្ជាទិញ និងពុំមានប្រាក់គ្រប់គ្រាន់សម្រាប់បើកជូនកម្មករ។ ចំពោះការដោះស្រាយសំណងវិញ អ្នកស្រីថា រោងចក្រកំពុងដំណើរការដោះស្រាយតាមផ្លូវច្បាប់ជូនកម្មករហើយ។
អ្នកស្រីបន្ថែមថា៖ «អត់មានអ្នកបញ្ជាទិញ។ អ្នកបញ្ជាទិញគាត់ផ្អាកការបញ្ជាទិញអស់ហើយ»។ទោះយ៉ាងណាក៏ដោយ នៅពេលវីអូឌីសុំបញ្ជាក់ចំនួនកម្មករដែលបានបញ្ឈប់នោះ ប្រធានរដ្ឋបាលរូបនេះមិនឆ្លើយឡើយ។វីអូឌីមិនអាចសុំការឆ្លើយតបពីប្រធានមន្ទីរការងារខេត្តកណ្តាល លោក ធុល នាង បានទេ ដោយលោកប្រាប់ថា កំពុងរវល់ប្រជុំ មិនអាចនិយាយបាន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា តាមផ្លូវច្បាប់ នៅពេលដែលរោងចក្រប្រកាសបិទទ្វារ ឬបញ្ឈប់កម្មករដោយមិនបានជូនដំណឹង ត្រូវដោះស្រាយសំណងជូនកម្មករចំនួន ៥ចំណុច មានប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត ប្រាក់អតីតភាពការងារ និងដំណាច់ឆ្នាំដែលនៅសល់។
ប៉ុន្តែ មេសហជីពរូបនេះមិនលើកទឹកចិត្តឱ្យថៅកែរោងចក្របញ្ចប់កិច្ចការងារ ឬបញ្ឈប់កម្មករពីការងារ ខណៈដែលរោងចក្រមិនបានបិទទ្វារនោះទេ។លោកបន្ថែមថា៖ «ប្រសិនជាក្រុមហ៊ុនមានលទ្ធភាព ឬរដ្ឋាភិបាលជជែកជាមួយក្រុមហ៊ុនបានត្រឹមតែព្យួរ ខ្ញុំគិតថា វាជារឿងមួយល្អ ដែលបានបង់លុយឱ្យគាត់ ៧០ដុល្លារហ្នឹង។
ក្នុងករណីក្រុមហ៊ុនបិទទ្វារដោយក្រុមហ៊ុនមិនដំណើរបាន អាហ្នឹងខ្ញុំគិតថា ត្រូវគុណលុយឱ្យគេទៅតាមច្បាប់ ៥ចំណុចហ្នឹងទៅ។ ប៉ុន្តែ យើងមិនលើកទឹកចិត្តដាច់ខាត ចំពោះការបញ្ឈប់កម្មករដោយក្រុមហ៊ុនមិនបានបិទ ហើយបញ្ឈប់ថ្នាក់ដឹកនាំសហជីពដោយសារការរើសអើងផ្សេងៗ ព្រោះអាហ្នឹងវាជាឥរិយាបថមិនល្អរបស់ក្រុមហ៊ុន»។
បើតាមកម្មករឱ្យដឹងថា កាលពីមុន រោងចក្រ ប្រឹភីសីស មានកម្មករប្រហែល ៧០០០ ទៅ ៨០០០នាក់ ប៉ុន្តែ មួយរយៈចុងក្រោយនេះ ថៅកែប្រាប់ថា គ្មានអ្នកគ្មានបញ្ជាទិញ និងកង្វះផលិភាព ឬវត្ថុធាតុដើម ដែលបណ្តាលមកពីជំងឺកូវីដ១៩ផងនោះ បានធ្វើឱ្យរោងចក្រមួយនេះកាត់បន្ថយកម្មករ ដោយនៅប្រមាណ ៥០០០នាក់ប៉ុណ្ណោះ។
អ្នកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់វីអូឌីថា គិតមកដល់ថ្ងៃនេះមានរោងចក្រ ១៣០ បានដាក់ព្យួរការងារ ដែលប៉ះពាល់ដល់កម្មករប្រមាណ ៩ម៉ឺននាក់ដោយសារបញ្ហាខ្វះវត្ថុធាតុដើម៕
អត្ថបទ៖ VOD