សំណង់រឹងមាំជាច្រើនខ្នង ត្រូវអាជ្ញាធរក្រុងសៀមរាប បញ្ជាឱ្យម្ចាស់រុះរោះ វាយ កម្ទេចចោល ដើម្បីបើក ផ្លូវពីចំណុចផ្លូវជាតិលេខ៦ ឆ្ពោះទៅដល់ផ្លូវ៧មករា ប្រវែង១ពាន់៣០ម៉ែត្រ ឱ្យអស់ទាំង ស្រុងនាពេលដ៏ ខ្លីខាងមុខនេះ ។
នៅថ្ងៃទី២៥ កញ្ញានេះ អគារដ៏រឹងមាំមួយ ត្រូវបានម្ចាស់ ស្ម័ត្រចិត្តក្នុងការរុះរើ ព្រោះមុនពេលសាងសង់ បានធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរមូល ដ្ឋានថា នៅពេលរដ្ឋត្រូវការធ្វើការ ស្ថាបនាផ្លូវពេលណា នឹងធ្វើការ ប្រគល់ជូនរដ្ឋវិញ ដោយមិនមាន ការទាមទារនូវសំណង អ្វីឡើយ ។
យោងតាម តម្រូវការរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនក្នុង សង្គមផងនោះ ព្រមទាំងការ បញ្ចៀសនូវភាព កកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តបានចេញ សេចក្តីជូនដំណឹង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឱ្យក្រុមការងារ ចម្រុះ រួមមាន៖មន្រ្តីរដ្ឋបាល ខេត្ត ក្រុង សង្កាត់ ចុះពិនិត្យ និងជម្រាប ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ លើដងផ្លូវ ដែលគម្រោងបើកផ្លូវទំហំ ១៥ម៉ែត្រ ប្រវែង១ពាន់៣០ម៉ែត្រ តភ្ជាប់ ពីផ្លូវជាតិលេខ៦ទៅត្បូងដល់ផ្លូវ ៧មករា(ផ្លូវវិទ្យាល័យអង្គរ)ត្រូវតែរុះរើចេញ ។
បងប្អូនប្រជាពលរដ្ឋ មានក្បាលដីប៉ះពាល់ មានចំនួន ៩៣ក្បាលដី និងសំណង់ លើទ្រូងផ្លូវចំនួន ១០គ្រួសារ ត្រូវបាន ក្រុមការងារធ្វើការ សម្របសម្រួលអស់ហើយ នៅសល់តែសំណង់ ចំនួន ៣គ្រួសារប៉ុណ្ណោះ ដែលមិនទាន់ បានរុះរើ ហើយ ក្រុមការងារនឹងធ្វើការ សម្របសម្រួល ជាមួយម្ចាស់សំណង់ ទាំងនេះបន្តទៀត ដើម្បីឲ្យពួកគាត់យល់ ព្រមរុះរើតាមគម្រោង ផែនការ ដែលបានកំណត់ ។
ក្រុមការងារ បានឲ្យដឹងថា មកដល់ពេលនេះ ការបើកផ្លូវនេះ ទទួលបានលទ្ធផល៨២% ហើយ ក្នុងការរុះរើលំ នៅឋាន ហើយនឹងបញ្ចប់ នៅពេលដ៏ខ្លីខាងមុខនេះផងដែរ ។ ស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រី ផ្តល់នូវកញ្ចប់ថវិកាជាតិចំនួន១៥០លានដុល្លារ សម្រាប់ស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលគ្រោងនឹងបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ៕