ស្ត្រីម្នាក់ពិតជា អភ័ព្វស្នេហ៍ខ្លាំងណាស់ ជួបតែ ស្នេហ៍បោក ប្រាស់ជា បន្តបន្ទាប់ ដែលប្ដីទី១ក្រោយ ពីចាប់ដៃគ្នា បានកូន ២នាក់ លោកប្ដីក៏ បែកចិត្តទៅមានស្រីថ្មីចាកចោលគាត់ បាត់ទៅ ធ្វើឲ្យគាត់ក្លាយ ជាស្ត្រីមេម៉ាយកូន២ ។ លុះក្រោយមក គាត់មានប្ដីម្នាក់ទៀតបានកូន២នាក់ដែរ
ប៉ុន្តែកូនស្រីម្នាក់ទើប មានអាយុ ១០ខែ និងម្នាក់ទៀត នៅក្នុងផ្ទៃ ៦ខែនៅឡើយ ស្រាប់តែលោកប្ដី ទី២មានស្រី និងព ង្រត់ស្រីនោះចាកចោល គាត់បាត់ទៀត ។ ក្រោយពីជួបស្នេហ៍ ជូរចត់ម្ដងហើយម្ដង ទៀតបែបនេះ ធ្វើឲ្យគាត់អស់ សង្ឃឹមខ្លាំងណាស់ ហើយនៅព្រឹកថ្ងៃទី ២០ ខែមិថុនា ស្ត្រីរូបនេះបានបីកូន ស្រីតូច ព្រមទាំងកាន់រូបថត ប្ដីទី២ចូលទៅកាន់សាលា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ ដើម្បីរកអ្នកដែល មានលទ្ធភាពទទួលយកកូន ស្រីរបស់ គាត់ទៅចិញ្ចឹម ។
គាប់ជួនពេល នោះ មានស្ត្រីម្នាក់ឈ្មោះ ម៉េង យុទ្ធ អាយុ៣៦ឆ្នាំ និងប្តីឈ្មោះ កែម រ៉ុង អាយុ៤៣ឆ្នាំ មុខរបរលក់ ទឹកកក ស្នាក់នៅជាប់របងសាលាសង្កាត់ ចោមចៅ៣ ដែលពួកគាត់រៀបការ ច្រើនឆ្នាំហើយ គ្មានកូន ក៏សម្រេច ចិត្តទទួលយកកូន ស្រីនោះទៅចិញ្ចឹមបីបាច់ថែរក្សា ទុកជាកូនបង្កើត របស់ពួកគាត់តែម្ដង ដោយមានការដឹង ឮពីសំណាក់អាជ្ញាធរ សង្កាត់ និងនគរបាលប៉ុស្តិ៍នៅទីនោះផងដែរ។
ស្ត្រីរូបនេះ បានប្រាប់ថា គាត់ឈ្មោះ រាម ភារម្យ អាយុ៤២ឆ្នាំ អតីតកម្មកររោង ចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្ត ព្រៃវែង ។ គាត់មិនបានដឹងថា គាត់បាន សាងកម្មពៀរអ្វីទេកាលពី ជាតិមុន ទើបជាតិនេះ កម្មតាមផ្ដន្ទា ធ្វើឲ្យរូបគាត់ ជួបតែប្ដីបោកប្រាស់ផិតក្បត់ប៉ុណ្ណោះ ទោះជាគាត់ខំ សន្សំចិត្តស្មោះ បម្រើបែបណា ក៏ប្ដីនៅតែក្បត់គ្មាន មេត្តាឡើយ រហូតពេលនេះគាត់ បានក្លាយខ្លួនជាស្ត្រីមេម៉ាយកូន ៤តែម្ដង ។
ស្ត្រីអភ័ព្វស្នេហ៍រូបនេះរៀបរាប់ ទៀតថា គាត់បានប្ដីទី១ ជាអ្នកស្រុកភូមិក្បែរគ្នា ដោយមានមេបារៀបការ ឲ្យតាមប្រពៃណី ប៉ុន្តែគាត់មិនបានចាំឆ្នាំទេ ហើយក៏បានលាក់ មិនប្រាប់ឈ្មោះប្ដីមុនដែរ ។ លុះក្រោយពីរៀបការចាប់ ដៃគ្នាជាប្ដីប្រពន្ធបានកូន ស្រី២នាក់ លោកប្ដីបានចាប់បែកឆ្វេង លួចមានសហាយស្មន់ជាមួយស្រីថ្មីម្នាក់ទៀត
ហើយមិនយូរប៉ុន្មាន ប្ដីក៏បានចុះចោល គាត់ទៅរួមរស់ជាមួយស្រីថ្មីនោះ ចោលរូបគាត់និងកូន ២នាក់ឲ្យរស់នៅគ្មាន ទីពឹង ហើយគ្រានោះ គាត់បាន ខំប្រឹងរកសុីចិញ្ចឹមកូនទាំង ២នាក់ដោយ លំបាកបំផុត ។ ក្រោយមក គាត់បានសម្រេច ចិត្តធ្វើដំណើរចាកចេញពីស្រុកកំណើត មករស់នៅភ្នំពេញ ស្នាក់នៅផ្ទះជួល និងធ្វើជាកម្មការិនីរោងចក្រកាត់ ដេរមួយ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជួបតែស្នេហាមិនសមប្រកបរូបនេះ និយាយទៀតថា ក្រោយពេលក្លាយ ខ្លួនជាកម្មការិនីមួយរយៈពេល ហើយលេង ហ្វេសប៊ុកចុះឡើងៗ មិនយូរប៉ុន្មាន ក៏បានស្គាល់ បុរសម្នាក់ឈ្មោះ ទឹម ប្រុស អាយុ៥៥ឆ្នាំ ជាកម្មករ សំណង់ ប៉ុន្តែមានរូប រាងស្អាតសង្ហា ។ បុរសនេះមាន ស្រុកកំណើត នៅភូមិរមេញ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ថែមទាំងស្នាក់ នៅផ្ទះជួលក្បែរ ខាងគ្នាទៀតផង ។
បុរសនេះ បានទាក់ទងសុំស្នេហ៍ ដោយផ្ទាល់ផង និងតាមឆាតហ្វេសប៊ុក ផង រហូតធ្វើឲ្យនាង បាក់ចិត្តស្រឡាញ់ វិញបាត់មុខបុរសនេះមិនបាន ទើបសម្រេច ចិត្តយកគ្នាជាប្ដីប្រពន្ធ ដោយមិនបានរៀបការឡើយ ។ ពេលនោះភាពល្អូកល្អឺន ផ្អែមល្ហែម បានធ្វើឲ្យគាត់គិតថានឹងមាន សុភមង្គលរហូតហើយ ។ ចំណងស្នេហ៍ក្រោយនេះ គាត់បង្កើត បានកូនស្រីម្នាក់ជូនប្ដី ហើយ រហូតដល់ថ្ងៃឆ្លងទន្លេគាត់ សង្កេតឃើញកាយវិការ ប្ដីនៅជាធម្មតា គ្មានតម្រុយណាមួយ ដែលចង់បែក ពីគាត់ឡើយ។
ប្រភពដដែល បន្តថា ដោយសារតែបែបនេះក្រោយ ពីសម្រាលកូន ទី១ ទើបបាន ៤ខែប៉ុណ្ណោះ គាត់ក៏ចាប់ ផ្ដើមមាន ផ្ទៃពោះកូនទី២ទៀត ។ ប៉ុន្តែពេលមានផ្ទៃពោះបាន ៣ខែ ស្រាប់តែលោកប្ដីបែក ចិត្តទៅមានស្រីថ្មី និងបានពង្រត់ ស្រីនោះចាក ចោលនាងទៅបាត់ ដែលរហូតមកទល់ នឹងពេលនេះមានរយៈ ៣ខែហើយ ខណៈដែលបច្ចុប្បន្ននាង កំពុងមានផ្ទៃពោះ៦ខែ ៕