ពាក្យចចាមអារ៉ាម ហាក់ក្លាយជាការពិត បណ្ដើរៗហើយ ក្រោយមានការ ប្រកាសជាផ្លូវការពីរដ្ឋាភិបាលកូរ៉េ យល់ព្រមទទួលសំណើសាងសង់ស្ពាន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅភូមិសាស្ត្រខេត្តកណ្តាល ដែលគេរំពឹង ថាជាស្ពានភ្ជាប់ពីភ្នំពេញ ទៅទឹកដីអរិយក្សត្រ និងស្វាយជ្រំ ទោះមិនទាន់មាន ការបញ្ជាក់ទីតាំងច្បាស់លាស់ ។
ប្រការនេះត្រូវបានអ្នកជំនាញ អចលនទ្រព្យមើលឃើញថា នឹងធ្វើអោយហាងឆេង នៃទីផ្សារអចលនវត្ថុនៅ តំបន់ទាំងនេះហក់ឡើងជាថ្មីម្តងទៀត អំណោយផល ខ្លាំងដល់ក្រុមហ៊ុន វិនិយោគឯកជន មួយចំនួនសម្រុក ទៅដាក់ទុនរកស៊ី។
លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលGRA បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅតំបន់ស្វាយជ្រំ និងអរិយក្សត្រ ជាសមិទ្ធផល មួយដែលពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រំពឹង ចង់ឃើញជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះលេចចេញជា រូបរាងមែន វានឹងក្លាយជាសម្បត្តិដ៏មហាសាល សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងងាយស្រួល ដឹកជញ្ជូនកសិផលរបស់ពួកគេផងដែរ។
លោកបន្ថែមថា សម្រាប់តម្លៃ អចលនទ្រព្យមានដូចជាដី បុរី ផ្ទះល្វែង ខុនដូវិញគឺនឹងត្រូវងើបឡើង ជាថ្មីម្តងទៀត ដូចទៅនឹងតំបន់សេដ្ឋកិច្ចជ្រោយចង្វាដែរ ដរាបណា គម្រោងធ្វើស្ពានបានលេចចេញ ជារូបរាង។ បច្ចុប្បន្នតម្លៃដីដែល មិនទាន់មានការសាងសង់ គឺត្រូវបានគេដាក់លក់ក្នុងតម្លៃចន្លោះពី ៨០-១០០ដុល្លារក្នុងមួយម៉ែត្រ ហើយដីលំនៅដ្ឋានត្រូវបានគេ ដាក់លក់ក្នុងតម្លៃចន្លោះពី ៣៥០-៥០០ដុល្លារក្នុងមួយម៉ែត្រ។
ដោយឡែកដីសម្រាប់ពាណិជ្ជកម្មស្ថិត នៅក្នុងខ្ទង់តម្លៃខ្ពស់ ពោលគឺត្រូវបានគេដាក់លក់ នៅទីផ្សារក្នុងចន្លោះចាប់ពី៥០០-៧៥០ដុល្លារក្នុងមួយម៉ែត្រ ការ៉េឯណោះ។ លោកក៏បានដាក់ការប៉ាន់ស្មានថា តម្លៃដីនឹងកើនគុណ នឹង២បន្ទាប់ពីស្ពានត្រូវបានសាងសង់ រួចជាស្ថាពរ។
រីឯលោកគឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនKW Cambodia និង Khmer Real Estateវិញ ក៏បានលើកឡើងដែរថា វាជាពាក្យចចាមអារ៉ាម តាំងពី៥ឆ្នាំមុន។ តែទោះជាមិនទាន់មានការលេចចេញនូវការសាងសង់ស្ពានយ៉ាងណាក៏ដោយ ក៏ហាងឆេងនៃដីគឺមានតម្លៃខ្ពស់ដូចទៅ នឹងតម្លៃដីដែលមានស្ពានរួចបាត់ទៅហើយ តាំងពីពេលចេញពាក្យ ចចាមអារ៉ាមលើកដំបូងម្ល៉េះ។ មិនថានៅ ពេលស្ពានបានសាងសង់រួច ក៏តម្លៃនេះ មិនឡើងលើសពីពេល បច្ចុប្បន្នប៉ុន្មានដែរ ពោលគឺឡើងបានត្រឹម ១០-២០ភាគរយប៉ុណ្ណោះ។ លោកក៏បានបង្ហាញការរីករាយ ដែលពាក្យចចាម អារ៉ាមក្លាយមកជាការពិត ធ្វើអោយដីមាន តម្លៃខ្ពស់មុនការសាងសង់ស្ពាន។
គួរជម្រាបជូនថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញតភ្ជាប់ទៅខេត្តកណ្តាល តបតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បញ្ជាក់ដែរថា ក្រោយការសម្រេចឯកភាពពីកូរ៉េខាងត្បូង ពេលនេះក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុង សិក្សានិងរើសទីតាំង។
តែកន្លងមកលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់មានប្រសាសន៍ថា ស្ពានឆ្លងកាត់ទន្លេដែលលោកចង់ សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញក្នុងភូមិសាស្ត្រទឹកដី ជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមិទ្ធផល មួយដែលពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រំពឹងចង់ឃើញ ជាយូរណាស់មកហើយ៕