លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ បច្ចេកទេសចុះពិនិត្យ មើលទីតាំងសម្រាប់ ត្រៀមយកសំណាកអ្នក ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកស្រីយក់ សម្បត្ដិ បានឱ្យដឹងថា៖ ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាស ដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា អាចទៅធ្វើ តេស្តលើកទី២ នៅទីតាំង២ កន្លែង ទី១-នៅក្នុងក្រសួងមហាផ្ទៃ និងទី២-នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោកស្រី យក់ សម្បត្តិ បានបន្ដថា សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល សូមអញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមទីតាំងដែលបានកំណត់សម្រាប់រាជធានីភ្នំពេញនៅក្រសួងមហាផ្ទៃ និងទីលានស្តាតអូឡាំពិក។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានកំណត់ការធ្វើតេស្តលើកទី១ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបាន ធ្វើតេស្តនៅថ្ងៃ កំណត់ របស់ក្រសួង នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្តនេះ ៕