ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក្រៅពីជាគូប្រជែងគ្នា យ៉ាងស្វិតស្វាញ នៅរយៈពេលជា ៥ឆ្នាំចុងក្រោយនេះ តារា ចម្រៀងទាំង២ដួង ក៏ត្រូវបានអ្នកដឹកនាំ ប្រគំតន្រ្ដីហ៊ានឲ្យតម្លៃខ្លួនខ្ពស់ជាង តារាចម្រៀងល្បីៗដទៃ ទៀតដែរ ពោល គឺច្រៀងតាមឆាកតន្ត្រីធំៗ ១កម្មវិធី សុវត្ថិ-សិរីមន្ដ ស៊ីថ្លៃប្រហាក់ប្រហែលគ្នា គឺ៣០០០ដុល្លារ។
ប៉ុន្ដែថ្មីៗនេះ ស្រាប់តែមានអ្នកចម្រៀង ជើងថ្មី អតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី២ កញ្ញាតន់ ច័ន្ទសីម៉ា បានដាក់តម្លៃខ្លួនខ្ពស់ជាង តារាល្បីល្បាញទាំង២ ពោលគឺនាងច្រៀង ការប្រគំតន្រ្ដីធំៗតា មបណ្ដាខេត្ត-ក្រុង ១កម្មវិធី ស៊ីថ្លៃ៥០០០ដុល្លារ។
ការចេញតម្លៃខ្លួនថ្លៃផុតគេនេះ ធ្វើឲ្យមានការលើកឡើងថា តើពេលនេះ កញ្ញាសីម៉ា ដែលធ្លាប់ច្រៀង នៅហាងវីហ្រ្វេន ១យប់ បានថ្លៃតែជាង ១០ដុល្លារនោះ ល្បីល្បាញនិងទីផ្សារ ចម្រៀងខ្លាំងជាង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឬយ៉ាងណា បានជានាងថ្លៃខ្ពស់ជាងតារាទាំង២?
លោកយឹម តាស្រង់ អ្នកគ្រប់គ្រងនៅផលិតកម្ម Galaxy បានឲ្យដឹងថា តម្លៃរបស់តន់ ច័ន្ទសីម៉ា គឺមិនអាច ទម្លាក់បានជាដាច់ខាត ព្រោះបានកំណត់រួចទៅហើយ។ លោកថា ច្រៀងតាម ខេត្ត គឺ១កម្មវិធី ស៊ីថ្លៃ ៥០០០ដុល្លារ ចំណែកការថត សម្អាងការម្ដង ស៊ីថ្លៃ២០០០០ដុល្លារ។
លោកបន្ថែមថា សីម៉ា ជាអ្នកចម្រៀង លំដាប់ Grade A ហើយបើ តម្លៃនេះ គេថាថ្លៃ មិនហ៊ានជួល លោកមានតែសុំអធ្យាស្រ័យហើយ ព្រោះកូនចៅលោក មិនចេញច្រៀង ក៏ផលិតកម្មមានលទ្ធភាព ទំនុកបម្រុងឲ្យតារាចម្រៀង របស់ខ្លួនរស់បានដែរ។
ទោះជាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ កំពុងត្រូវបានគេអុកអុក តម្លៃខ្លួនមែន ប៉ុន្ដែមហាជនភាគច្រើន នៅតែយល់ថា តារាប្រុសល្បីល្បាញទាំង ២ដួងនេះទេ ដែលស័ក្តិសម ក្នុងការថ្លៃខ្ពស់ជាងគេ ព្រោះកញ្ញាសីម៉ា ទើបតែច្រៀងបានជាង ២ឆ្នាំសោះ រឿងអីដែលចង់វ៉ា តម្លៃខ្លួនព្រាប សុវត្ថិ ដែលល្បីជាង ២៣ឆ្នាំ និងខេមរៈ សិរីមន្ដ ដែលល្បីជាង១៦ឆ្នាំនោះ?
អ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីម្នាក់ របស់ CTN បាននិយាយដោយ សុំមិនឲ្យដាក់ឈ្មោះថា លោកព្រាប សុវត្ថិ ត្រូវបាន មហាជនទូទាំងប្រទេស ទទួលស្គាល់ អីចឹងគាត់ ថ្លៃបន្ដិច ក៏គ្មានគេថា អីដែរ ខណៈដែលខេមរៈ សិរីមន្ដ កំពុងឡើង ទៅប្រដមប្រសងព្រាប សុវត្ថិ ។
ចំណែកតន់ ច័ន្ទសីម៉ា វិញ លោកថា លោកចង់ហៅនាងឡើងច្រៀងតាមប៉ុស្ដិ៍ដែរ ប៉ុន្ដែបញ្ហា គឺអ្នកគ្រប់គ្រងទារថ្លៃមែន អីចឹងលោកមានតែសំណូមពរថា កុំឲ្យគាត់តម្លើងតម្លៃខ្លួនខ្ពស់អីចឹងពេក ខាង Sponsors ខ្លះគេមិនហ៊ានទេ។
រីឯអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីនៅPNN វិញ និយាយដោយមិនឲ្យដាក់ឈ្មោះដែរថា តម្លៃខ្លួនច្រៀងម្ដង ៥០០០ដុល្លារ ថតសម្អាងការម្តង ថ្លៃ២០០០០ដុល្លារនោះ គ្មានពីណាគេជឿទេ។ លោកថា គេចាត់ទុកសីម៉ា ជាតួឯករបស់ផលិតកម្មគេ អីចឹងគេថាម៉េចក៏បានដែរ ដើម្បីលើកតួគេ តែដល់ពេលនិយាយអីចឹងទៅ អាហ្នឹងហើយគេហៅថា ”អួត” ហ្នឹង។
ព្រាប សុវត្ថិ បានច្រៀងនៅហង្សមាស រយៈពេល២៣ឆ្នាំ (១៩៩៧-២០២០) ហើយពេលនេះលោកបានឈរជើងនៅ Galaxy ជាង៣ខែមកហើយ ខណៈដែលខេមរៈ សិរីមន្ដ ទើបចូលហង្សមាស ជាង៣ឆ្នាំ។
តារាប្រុសទាំង ២ដួងនេះ រយៈពេលចុងក្រោយនេះ ត្រូវបានមហាជនមើលឃើញថា ប្រកួតប្រជែងគ្នាយ៉ាង ស្វិតស្វាញបំផុត មិនធ្លាប់មាន ក្នុងពិភពសិល្បៈ ប៉ុន្ដែចុងក្រោយនេះ ព្រាប សុវត្ថិ ហាក់ចាញ់ប្រៀបលោក ខេម ប៊ុនថៃ ក្រោយតារាហង្ស មាស រូបនេះ ផ្ទុះបទ ”ពឺតៗ”។យ៉ាងណា អ្នកជំនាញសិល្បៈ បញ្ជាក់ថា ពេលនេះ លោកព្រាប សុវត្ថិ មិនទាន់ត្រូវបានលោកខេមរៈ សិរីមន្ត វ៉ាឡើយ ទាំងតម្លៃខ្លួននិងទីផ្សារចម្រៀង៕