តាមការឱ្យដឹង របស់លោកអភិបាល ក្រុងកំពត ក្រោយបញ្ចប់ រាត្រីឆ្លងឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែមករា នេះ ក្រុមហ៊ុនប្រមូលសំរាម ប្រមូលបាន សំរាមប្រមាណជាង ១៣តោន នៅរាយប៉ាយតាម ទីសាធារណៈក្នុង ក្រុង។
អភិបាលក្រុងកំពត លោក លាង រឿនសុធី បានឲ្យដឹងថា រដ្ឋបាលខេត្តកំពត ក៏ដូចជាសាលាក្រុង ឆ្នាំនេះ មិនបាន រៀបចំកម្មវិធីអបអរសាទរបុណ្យ ឆ្លងឆ្នាំ ចូលឆ្នាំសកលទេ ដោយសារចូលរួមទប់ ស្កាត់កូវីដ ១៩។ តែទោះជាយ៉ាងនេះក្តី នៅ យប់ឆ្លងឆ្នាំ ចូលឆ្នាំសកល២០២១នេះ ចំនួនភ្ញៀវទៅសម្រាក កម្សាន្ត ដើម្បីរាប់ថយក្រោយ (Count Down) នៅ ខេត្តកំពត ច្រើនលើស លប់ហួសពីការ រំពឹងទុក។
លោកអភិបាល បានបន្តថា ទេសចរពីគ្រប់ទិសទី នៃព្រះរាជាណាចក្រ កម្ពុជា បានជួបជុំគ្នា លក្ខណៈជាក្រុមៗ ដើរកម្សាន្ត ពេញទីសាធារណៈ ពិសេសតាមសួនច្បារ មាត់ព្រែក រមណីយដ្ឋានស្រះឈូក និងសួន បេនឡាន ជាដើម ប្រកបដោយ ភាពសប្បាយរីករាយក្រៃលែង ហើយថ្ងៃឆ្លងឆ្នាំបាន បញ្ចប់ទៅយ៉ាង រលូន គ្មានបញ្ហាណាមួយកើតឡើងគួរឲ្យកត់សំគាល់ទេ។
ប៉ុន្តែក្រោយពេលបញ្ចប់ គេឃើញសំ រាមហៀរធុង ថែមទាំងនៅគររាយប៉ាយ ពេញកន្លែង ដែល ទេសចរបានអង្គុយ ជួបជុំកាលពីយប់ ពិសេសតាមសួនច្បារ មាត់ព្រែក និងរមណីយដ្ឋានស្រះឈូក។
យ៉ាងណាក៏ដោយ លោកអភិបាលក្រុង មិនបានបញ្ជាក់ទេ ថាតើបញ្ហាសំរាមគរ និងរាយប៉ាយ ពេញសួន ច្បារសាធារណៈនេះ បណ្តាលមកពីប្រជាពលរដ្ឋ និងទេសចរ មិនមានការយល់ដឹង អំពីការទុក ដាក់សំរាម ឬ មកពីសាលាក្រុងដាក់ធុងសំរាមតិចពេក ឬយ៉ាងណា៕