ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលវិលត្រឡប់មក ពីប្រទេស អង់គ្លេសត្រូវបាន គេរកឃើញថា មានផ្ទុកវីរុស បម្លែង ខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំង ជាងវីរុសកូរ៉ូណា។នាងស្ថិតក្នុងចំណោមអ្នកដំណើរចំនួន ៣០៥នាក់ដែលវិលត្រឡប់មក ប្រទេសវៀតណាមវិញតាមជើងហោះហើរ VN50 របស់ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម ដែលបានចុះចតនៅទីក្រុង Can Tho កាលពីថ្ងៃទី២២ខែធ្នូ។
នៅពេលមកដល់ ពួកគេត្រូវ បានបញ្ជូនទៅកន្លែងធ្វើចត្តាឡីស័ក ក្នុងទីក្រុង Can Tho, ខេត្ត Vinh Long និង Tra Vinh និងទីក្រុងហូជីមិញ។នៅពេលធ្វើតេស្តពីរ ថ្ងៃក្រោយ ពួកគេ៦នាក់ត្រូវបាន រកឃើញថាមានជំ ងឺកូវីដ១៩ដោយក្នុងនោះមាន ៤នាក់នៅ Vinh Long និង២នាក់នៅ Tra Vinh។
សំណាកអ្នកឆ្លងរោគ ដែលត្រូវបានបញ្ជូនទៅវិទ្យាស្ថាន ប៉ាស្ទ័រហូជីមិញ បានបញ្ជាក់ថា អ្នកជំងឺម្នាក់ដែលជាស្ត្រីអាយុ ៤៤ឆ្នាំបានឆ្លងវីរុស SARS-CoV-2 VOC 202012/01 ដែលមេរោគនេះ ត្រូវបានគេរកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស ហើយឆ្លងខ្លាំងជាងកូវីដរហូត ដល់ទៅ ៧០ភាគរយឯណោះ។
គួរបញ្ជាក់ថា មានប្រទេសចំនួន ៣៣ហើយដែលបានរាយការណ៍ រកឃើញវីរុសបម្លែងខ្លួនប្រភេទថ្មីចាប់តាំង ពីចក្រភពអង់គ្លេសបាន រាយការណ៍ជា លើកដំបូងនៅថ្ងៃ ទី៨ខែធ្នូ៕