លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ថា កំណើនសេដ្ឋកិច្ច កម្ពុជា នាំឱ្យ កសិករមួយគ្រួសារ ត្រូវរកចំណូល ឱ្យបានយ៉ាងហោច ណាស់ ១ ៦០០ទៅ២០០០ដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះ កសិករ ដែលធ្វើស្រែ ពឹងលើធម្មជាតិ (ទឹកភ្លៀង) ត្រូវមានដីចាប់ ពី២,៥ហិកតារឡើងទៅ ទើបដោះស្រាយជីវភាព រស់នៅបាន ។
លោកវេង សាខុន បានថ្លែងប្រាប់ បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ថា បើសិនក សិករធ្វើស្រែមានប្រព័ន្ធ ស្រោចស្រព នៅក្បែរគ្រប់គ្រាន់នោះ កសិករត្រូវមាន ដីយ៉ាងហោចណាស់២,៥ហិកតា ទើបអាច ដោះស្រោយជីវភាពបាន ប៉ុន្តែបើមាន ដីសម្រាប់ធ្វើស្រូវមាន ទំហំតូចជាង ២ហិកតា គឺអាចមិនឆ្លើយតប នឹងតម្រូវការជីវភាព កសិករបានឡើយ។
លោក វេង សាខុន មានប្រសាសន៍បញ្ជាក់ថា «យើងទៅចង់ឱ្យគាត់(កសិករ) ធ្វើស្រែដែល លំបាក ហើយ ដីតូចហ្នឹង គឺមិនអាចរស់បានទេ។ ហើយបានន័យថា យើងបិទសិទ្ធិរស់រានមាន ជីវិតរបស់ពួកគាត់»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជំរុញកសិករណា ដែលមានដីស្រែតូចជាង ២ហិកតារ ដោយបង្វែរពីការដាំស្រូវ ទៅដាំដំណាំផ្សេងៗ ឬចិញ្ចឹមសត្វ ឬផ្នែកវារីវប្បកម្មវិញ ដើម្បីទទួល បានប្រាក់ចំណូលច្រើន៕