លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបង្ហើបពី តម្លៃទីផ្សារដី នៅក្នុងក្រុងព្រះសីហនុ ត្រួសៗថា ជាប្រវត្តិសាស្ត្រ ហើយ តម្លៃដីនៅ ក្រុងព្រះសីហនុ កាលពីឆ្នាំ២០១៨ និង២០១៩ ដែលនៅ កន្លែងទីតាំងខ្លះ មានតម្លៃ រហូតដល់ ១ម៉ឺនដុល្លារ ក្នុង១ម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នយ៉ាង ហោ.ច.ណាស់.ក៏តម្លៃ ៦ពាន់ដុល្លារដែរ ក្នុង១ម៉ែត្រការ៉េ ។
លោកបានលើក ឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព មូលដ្ឋានឃុំ សង្កាត់ និងទិសដៅ ការងារបន្ត របស់រដ្ឋបាលខេត្ត ព្រះសីហនុ នៅថ្ងៃទី១៤ មករា ឆ្នាំ២០២១។ លោកថា នៅតាមបណ្ដោយ ឆ្នេរ ដែលជាតំបន់ សំខាន់ៗ គឺមាន តម្លៃមិនក្រោម ៧ពាន់ ដុល្លារនោះទេ ក្នុង១ម៉ែត្រការ៉េ។
ចំណែកលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឲ្យដឹងដែរថា ក្នុងរយៈពេល ៤ឆ្នាំ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ អជ្ញាធរ ខេត្តព្រះសីហនុ បានចេញលិខិតអនុញ្ញាត សាងសង់ចំនួន ១៥១៤ គម្រោង លើផ្ទៃដី ចំនួន ១៤ ៧៣៦ ៥៥៩ម៉ែត្រការ៉េ ដែលប្រើទុនវិនិយោគ ជាង ៨ពាន់លានដុល្លារ ។
លោក ឃាង ភារម្យ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ មានសំណង់ អគារខ្ពស់ៗមានចំនួន ៥៧៣គម្រោង ។ លោកថា អាគារខ្ពស់ៗនេះ គឺគិតចាប់ពី ៥ជាន់ ដល់៥៣ជាន់ ។
លោកបញ្ជាក់យ៉ាង ដូច្នេះថា «បើតាមរបាយការណ៍ ការគ្រប់គ្រង និងអភិវឌ្ឍន៍សំណង់ យើងបានចេញលិខិត អនុញ្ញាត់សាងសង់ យើងរាប់គិត ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ គឺមានចំនួន ១៥១៤ គម្រោង ដែលផ្ទៃក្រឡាសំណង់ មានចំនួន ១៤ ៧៣៦ ៥៥៩ម៉ែត្រការ៉េ សរុបជាទុន វិនិយោគជាង ៨ពាន់លាន ដុល្លារ» ៕





