ប្រជាពលរដ្ឋរស់នៅ ឃុំកំពង់ហ្លួង ជាច្រើននាក់ ទម្លាយ អំពើពុករលួយ របស់លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លូង ស្រុក ពញាឮ ខេត្តកណ្តាល ថា គិតតែ ប្រយោជន៍ជាធំ ធ្វើអ្វីក៏លុយៗ មិនបម្រើប្រយោជន៍ ប្រជាពលរដ្ឋ ទាល់តែសោះ ។
ពលរដ្ឋ សម្តែងការមិន សប្បាយចិត្តជាខ្លាំង ចំពោះទង្វើរបស់ លោកស្រីមេឃុំ កំពង់ហ្លួង ដែលតែងតែធ្វើអោយប្រជាពលរដ្ឋ ខឹងសម្បារ ដោយលើកហេតុផលនេះ ហេតុផល នោះ ដោះបន្ទុករហូត តែ ពេលដែលបាន ប្រយោជន៍ពីប្រជាពលរដ្ឋ ទើបធ្វើការ យ៉ាងរហ័សរហួនបំផុត ។
ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំកំពង់ហ្លូង ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ ថា ពួកគាត់មិនពេញ ចិត្តទាល់តែសោះនូវទង្វើ របស់លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួង នេះ ដែលមកកាន់ជា មេឃុំអស់រយៈពេលជិត ១០ឆ្នាំមកហើយ តែងតែធ្វើអោយប្រជាពលរដ្ឋ មិនសប្បាយចិត្ត។
ពួកគាត់ បានបញ្ជាក់ទៀតថា ពេលពួកគាត់សុំធ្វើ លិខិតស្នាមអ្វីមួយ គិតតែ រឿងលុយ ប្រឆាំងការណែនាំរបស់ ក្រសួងមហាផ្ទៃ សូម្បីតែពួកគាត់ចាក់ ដីបំពេញក្នុងលំនៅដ្ឋានរបស់ខ្លួន សោះ ក៏លោកស្រីមេឃុំ កំពង់ហ្លូង យកលុយដែរ ទើបអនុញ្ញាតអោយចាក់ដីបាន ។
ដោយឡែករឿងធ្វើសំបុត្រកំណើត របស់កូនពួកគាត់ វិញ ក៏លោកស្រីមេឃុំ កំពង់ហ្លូង កំណត់យក លុយ ផងដែរ ។
ប្រជាពលរដ្ឋ អះអាងទៀតថា ពេលពលរដ្ឋត្រូវការ លក់ដី តម្រូវអោយអាជ្ញាធរដឹងឮ ក៏លោកស្រីមេឃុំកំណត់អោយបង់លុយចាប់ពី ១០០ដុល្លារដល់ ២០០ដុល្លារ ទើបស៊ីញ៉េលើលិខិតទិញ-លក់ អោយ ។ និយាយរួមទៅពួកគាត់ បានបញ្ជាក់បន្ថែមថា លោកស្រីមេឃុំកំពង់ហ្លួងរបស់ពួកគាត់គិតតែ ប្រយោជន៍ផ្ទាល់ខ្លួនជា ធំបំផុត មិនគិតពីសុខទុក្ខរបស់ពលរដ្ឋនោះទេ ។
ទន្ទឹមនេះ ប្រជាពលរដ្ឋ បានសំណូមពរ អោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មេត្តាជួយពិនិត្យបញ្ហានេះផង ហើយបើអាច ពួកគាត់ចង់ផ្លាស់ប្តូរលោកស្រីមេឃុំកំពង់ហ្លូង ចេញតែម្តង ។
ជុំវិញការលើកឡើងរបស់ ប្រជាពលរដ្ឋ នាពេលនេះ លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួង ថ្លែងប្រាប់ CPC NEWS ថា លោកស្រីកំពុងចូលរួម កំពុងប្រជុំនៅក្រសួងធនធានទឹក មិនអាចផ្តល់បទសម្ភាស៍ បានទេ ។
ប្រជាពលរដ្ឋ លួចបង្ហើបប្រាប់ដែរថា ដីមេទឹក របស់រដ្ឋជិត ៤០ហិតានៅភូមិពាមជីណីក ក៏ត្រូវបានលោកស្រីមេឃុំកំពង់ហ្លូង ហេង ម្លប់ បានឃុបឃិតគ្នាជាប្រព័ន្ធ លួចកាយអាចម៌ដីលក់ អោយឈ្មួញនៅអំឡុងឆ្នាំ២០២០ កន្លងទៅ ដើម្បីយកដី យកក្បាលទឹករដ្ឋចាក់លុបដើម្បីរៀប ចំទុកលក់ ក្នុងអំណាចជាមេឃុំផងដែរ ។
ដីមេទឹកដែលជាដី របស់រដ្ឋ នេះ គឺ ជាជម្រកត្រីពង និង សម្រាប់ប្រជាពលរដ្ឋទៅ បេះឈូក បេះផ្កាស្នោរ យកទៅលក់ ដើម្បីចិញ្ចឹមជីវិត ផងដែរ ៕




